ផ្ទុះរំសេវផាវបណ្តាលឲ្យក្មេងប្រុសស្រី៥នាក់រួមទាំងជនបង្កម្នាក់បានរងរបួសធ្ងន់និងស្រាល នៅស្រុកតាវែង
ខេត្តរតនគិរី÷ មនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីផ្ទុះរំសេវផាវដាក់នៅក្នុងដបអឹម១៥០។
ករណីផ្ទុះរំសេវផាវក្នុងដបនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃព្រស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅក្នុងភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
អធិការនគរបាលស្រុកតាវែងលោក អាំង ភឿក បានឲ្យKH.TVដឹងថា ជនរងគ្រោះដែលរងរបួសរួមមាន
ទី១-ឈ្មោះ ហេង សារឿន ភេទប្រុស អាយុជាង៤០ឆ្នាំ រងរបួសធ្ងន់ ត្រង់ជើងខាងស្តាំ មានទីលំនៅភូមិតាវែងលើ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (ជនបង្ក)។
ទី២-ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ រងរបួសធ្ងន់ ត្រង់មុខ។
ទី៣-ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់ ធ្លាយពោះវៀន។
ទី៤-ឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសស្រាល។
ទី៥-ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ២៦ឆ្នាំ រងរបួសស្រាល។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ឈ្មោះ ហេង សារឿន (ជនបង្ក) បានទៅទិញផ្លែសំរងនៅកន្លែងកើតហេតុ មិនទាន់ទិញបានក៏ទៅទិញផាវមកដាក់ចូលក្នុងដបអឹម១៥០ ឃើញដូច្នេះក្មេងនៅក្បែរនោះក៏នាំគ្នាទៅមើល។
ខណ:នោះដែរឈ្មោះសារឿន បានជក់បារីក៏ធ្លាក់បារីចូលទៅក្នុងដបបណ្តាលឲ្យឆេះហើយផ្ទុះតែម្តង។
លោកអធិការបានបញ្ជាក់ទៀតថា ជនបង្កបណ្តាលឲ្យក្មេងប្រុសស្រីបានរងរបួសធ្ងន់ស្រាល៤នាក់នោះ លោកនិងធ្វើរបាយការណ៍ទៅថ្នាក់លើដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលទាំង៤នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ៕ដោយ សាវ័ន