យុវជនម្នាក់ បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ហើយគំរាមប៉ុនប៉ងសម្លាប់ម្តាយខ្លួនឯង ត្រូវប៉ូលិសឃាត់ខ្លួន
ខេត្តរតនគិរី÷ យុវជនម្នាក់ បានបង្កហិង្សាក្នុងគ្រួសារវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនធំ ថែមទាំងប៉ុនប៉ងសម្លាប់ម្តាយបង្កើតខ្លួនឯងទៀតផងត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ករណីបង្កហិង្សាក្នុងគ្រួសារបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្ថិតក្នុងភូមិកាចក់ ឃុំកក ស្រុកបរកែវ។
មន្ត្រីនគរបាលស្រុកបរកែវបានឲ្យដឹងថា យុវជនដែលបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ មានឈ្មោះ ទីង ញីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលបានបន្តថា សម្ភារ:ដែលបានខូចខាត រួមមានៈ
ម៉ូតូ ១គ្រឿង ធុងបាស់ ១ ទូស័ព្ទដៃ ១គ្រឿង ហើយបានគំរាមដុតលំនៅដ្ឋាន ថែមទាំងប៉ុនប៉ងរកសម្លាប់ម្តាយបង្កើតមានឈ្មោះ ទីង អ្វែង អាយុ៥៣ឆ្នាំ ជនជាតិទំពួន។
ក្រោយពីសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានរាយការណ៍ពីអាណាព្យាបាលយុវជនរូបនេះមក សមត្ថកិច្ចបានចុះមកអន្តរាគមន៍ធ្វើការឃាត់ខ្លូន និងបញ្ជូនមកកាន់អធិការនគរបាលស្រុកបរកែវដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ដោយ សាវ័ន