ក្មេងៗដែលជាប់ក្នុងល្អាងថាមហ្លួង ត្រូវFIFA អញ្ជើញឱ្យចូលទស្សនាវគ្គផ្តាច់ព្រ័ត្រ World Cup
កីឡា ៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានអញ្ជើញក្មេងៗកីឡាករ១២នាក់ និងគ្រូបង្វឹកពួកគេ ដែលកំពុងជាប់ខ្លួនក្នុងល្អាងភ្នំថាមហ្លួង ឱ្យចូលទស្សនាការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រនៃ World Cup 2018 នៅប្រទេសរុស្ស៊ី ប្រសិនបើពួកគេអាចចេញពីល្អាងភ្នំនោះទាន់ពេល។
នេះបើតាមលិខិតរបស់លោក Gianni Infantino ផ្ញើទៅកាន់សមាគមបាល់ទាត់ថៃ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។ ក្មេងៗដែលជាប់ខ្លួនល្អាងភ្នំថាមហ្លួងក្នុងលិខិតនោះ លោកប្រធាន FIFA បានបង្ហាញក្តីអាណិតអាសូរ ដល់ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលបានជាប់ខ្លួនក្នុងល្អាងភ្នំនោះ តាំងពីថ្ងៃទី២៣ មិថុនាមក។ លោកសង្ឃឹមថា ក្មេងៗ និងគ្រូបង្វឹកទាំងនោះ នឹងអាចវិលមកជួបជុំគ្រួសាររបស់ពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះ។
ហើយថែមទាំងនៅមានសុខភាពល្អ ដែលអាចធ្វើដំណើរទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ FIFA ទៀតផង។ លិខិតរបស់ប្រធាន FIFA ផ្ញើទៅកាន់សមាគមបាល់ទាត់ថៃ សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2018 នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅកីឡដ្ឋាន Luzhniki ក្រុងមូស្គូ ខណៈដែលក្មេងៗ និងគ្រូបង្វឹកទាំងនេះ ត្រូវបានរំពឹងថា នឹងអាចជាប់ខ្លួនក្នុងល្អាងភ្នំនេះ ជាច្រើនខែទៀត ប្រសិនបើអ្នកសង្គ្រោះមិនអាចរកវិធីណាមួយ ដែលអាចនាំពួកគេចេញបានលឿនទេនោះ៕