នាយឧត្តមសេនីយ៍ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិបានជម្រុញដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបទៅលើជនដែលបានប្រព្រឹត្តបទល្មើស ដោយគ្មានការយោគយល់ជាដាច់ខាត
ខេត្តរតនគិរី៖ ការជម្រុញទៅដល់មន្ត្រីនគរបាលយុត្តិធម៌ ពិសេស មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលនៅកៀកនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ឯកឧត្តមនាយឧត្តមសេនីយ៍ដាំវុទ្ធីអគ្គស្នងការរងនគរបាលជាតិ ប្រសាសន៍នេះ គឺនៅក្នុងពិធី បូកសរុបលទ្ធផលការងារនគរបាល ឆ្នាំ១០១៨ និងលើកទិសអនុវត្តបន្តឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីនាល្ងាចថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិនចំណាន បានថ្លែងថា នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តការងារ ដោយបំពេញតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន ទៅតាមផែនការដែលក្រសួងមហាផ្ទៃបានដាក់ចុះ ក្នុងនោះក្រៅពីបានបំពេញកិច្ចការងារសង្គម រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ អនុវត្តច្បាប់ចរាចរផ្លូវគោក សម្រួលការធ្វើចរាចរ ជូនប្រជាពលរដ្ឋ និងរក្សាការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំនោះ កម្លាំងស្នងការដ្ឋាន បានរួមគ្នាចុះពង្រឹងគោលនយោបាយភូមិ ឃុំ សុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះនាពេលកន្លងមក។ ហើយបានបន្តចុះធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយកម្លាំងអង្គភាពប្រដាប់អាវុធផ្សេងៗទៀត ដើម្បីរក្សាសន្តិសុខព្រំដែន បង្ក្រាបករណីឆ្លងដែនខុសច្បាប់ បង្ក្រាបបទល្មើសព្រហ្មទ័ណ្ឌ បទល្មើសមជ្ឈឹម ល្បែងស៊ីសង បទល្មើសគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច ការស្តុកទុកឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ បទល្មើសនេសាទ និងបង្ក្រាបបទល្មើសសត្វព្រៃ។ល។
លោកឧត្តមសេនីយ៍ស្នងការ បានប្តេជ្ញា អនុវត្តន៍សារាចរលេខ ០៤ស.រ របស់រាជរដ្ឋាភិបាល ស្តីពី ការចាត់តាំងអនុវត្តន៍ វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង និងផែនការណែនាំលេខ ០៥២ ផ.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពី ការអនុវត្តន៍ប្រៀបសមរភូមិ ប្រឆាំងបទល្មើសគ្រឿងញៀន និងបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចាត់តាំងអនុវត្តន៍តាមសេចក្តីណែនាំ លេខ០០១ របស់ក្រសួងមហាផ្ទៃ ស្តីពី វិធានការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ អនាធិបតេយ្យតាមផ្លូវគោក និងនៅតាមផ្លូវទឹកជាប្រចាំ ព្រមទាំងបន្តបង្ក្រាបបទល្មើសព្រៃឈើ គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធភាព។
អភិបាលរងខេត្តរតនគិរីលោកញ៉ែម សំអឿន បានមានប្រសាសន៍ថា ជម្រុញដល់មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការសហការណ៍រួមគ្នា អនុវត្តន៍ បំពេញតួនាទី និងភារកិច្ច ទៅតាមគោលការណ៍ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ជាពិសេស ត្រូវអនុវត្តន៍តាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ឲ្យបានហ្មត់ចត់បំផុត។ក្រៅពីនោះ មន្ត្រីនគរបាលគ្រប់រូប ពិសេស មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលនៅកៀកនឹងប្រជាពលរដ្ឋ ត្រូវឧស្សាហ៍ចុះជួបនិងស្គាល់ពីសុខទុក្ខពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយប្រសិនបើមានមន្ត្រីនគរបាលយុត្តិធម៌ណាមួយ ជាប់ពាក់ព័ន្ធ នឹងការផ្សំគំនិតប្រព្រឹត្តបទល្មើសនាពេលកន្លងមក ចាប់ពីពេលនេះទៅត្រូវបញ្ឈប់ និងដកខ្លួនចេញជាបន្ទាន់ បើពុំនោះទេកុំថាច្បាប់ គ្មានការយោគយល់ឲ្យសោះ។
នាយឧត្តមសេនីយ៍ដាំ វុទ្ធីអគ្គស្នងការរងនគរបាលជាតិក៏បានវាយតម្លៃខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលអនុវត្តតួនាទី និងភារកិច្ច ដែលថ្នាក់លើប្រគល់ជូន បានយ៉ាងល្អប្រសើរ ទាំងការរក្សាការពារសន្តិសុខព្រំដែន រក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចុះជួយប្រជាពលរដ្ឋក្នុងគ្រោះធម្មជាតិ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ រួមទាំងការបង្ក្រាប បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងបទល្មើសនានាទៀត បានគួរឲ្យកត់សម្គាល់។
នាយឧត្តមសេនីយ៍បានសង្កាត់ធ្ងន់ថាកងកម្លាំងនគរបាលត្រូវតែបង្ក្រាបនៅជនអគ្គតិមួយចំនួនដែលចង់បង្កើតនូវបដិវត្តន៍ពណ៌បង្ក្រាបបទល្មើសព្រៃឈើបទល្មើសនេសាទខុសច្បាប់បទល្មើសធនធានធម្មជាតិបទល្មើសគ្រឿងញៀនការរំលោភសេពសន្ថវៈលើស្ត្រីប្រើអំពើហិង្សាក្នុងគ្រួសារការជួញដូរមនុស្សឆ្លងដែននិងជំរុញអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់៕ដោយ សាវ័ន
.