ពេលរួមរ័កសុំខាងប្រុសនៅពីលើ មានឱកាសចាក់សម្លាប់
ខេត្តកណ្តាល ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សាយ សម្ផស្សសេរី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្ត បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីជាឃាតកដាក់ពន្ធនាគារ៣០ឆ្នាំ ពីបទឃាតកម្មចាក់សម្លាប់ប្រុសស្នេហ៍ប្លន់ទ្រព្យសម្បត្តិដើម្បីយកប្រាក់លោះប្តីចេញពីពន្ធនាគារ។ ជនជាប់ចោទឈ្មោះ ផេង ណាន ហៅណា អាយុ៣៣ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ឯជនរងគ្រោះឈ្មោះ នួន សុភាព អាយុ៥៨ឆ្នាំ ជាម្ចាស់ហាងកោសជប់ម៉ាស្សាមួយកន្លែង និងជាមន្ត្រីយោធានៅអង្គភាពកងពលតូចទ័ពពិសេសឆត្រយោង៩១១ និងក៏ជាអ្នកសារព័ត៌មានសំឡេងប្រជាជនផងដែរ ដែលមានទីលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានី ។ ចំពោះមុខសមត្ថកិច្ច ស្ត្រីជាប់ចោទបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទមកបបួលនាងទៅរួមរ័កនៅផ្ទះសំណាក់ ស្របពេលនោះដោយសារតែនាងកំពុងត្រូវការលុយចំនួន២៥០០ដុល្លារ ដើម្បីរត់ការដោះលែងប្តីដែលកំពុងជាប់ពន្ធនាគារព្រៃសផង ណាមួយឃើញជនរងគ្រោះមានគ្រឿងអលង្ការជាប់ខ្លួនច្រើន ក៏មានគំនិតចង់សម្លាប់ប្លន់យកទ្រព្យសម្បត្តិនោះតែម្តង។
ស្ត្រីជាប់ចោទ បានឆ្លើយសារភាពទៀតថា ពេលនោះនាងបានទារតម្លៃខ្លួនក្នុងការរួមរ័កចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឱ្យតែ២០ដុល្លារប៉ុណ្ណោះ ហើយនាងក៏យល់ព្រមទៅជាមួយ ដោយបានរៀបចំគម្រោងទុកជាមុន និងបានយកកូនកាំបិតចុងស្រួចលាក់ទុកក្នុងកាបូបរួចជាស្រេច។ លុះមកដល់វេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២១ មករា ជនសង្ស័យបានទូរស័ព្ទដើម្បីណាត់គ្នារកកន្លែងរួមរ័ករហូតដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ទើបជនរងគ្រោះបានជិះម៉ូតូមកទទួលនាងនៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ដើម្បីទៅចូលដេកផ្ទះសំណាក់ដែលមានចម្ងាយប្រហែលកន្លះគីឡូម៉ែត្រពីកន្លែងដែលជនរងគ្រោះមកទទួលនាង។
ស្ត្រីជាឃាតក បានសារភាពបន្ថែមថា ពេលចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែងចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតឱកាសនោះ នាងបានយកកូនកាំបិតពីក្នុងកាបូបលាក់ក្រោមខ្នើយដេករួចជាស្រេច។ លុះពេលជនរងគ្រោះចេញមកវិញ ក៏ចាប់ផ្តើម រួមរ័កជាមួយគ្នា ហើយនាងក៏ទាមទារនៅពីលើ។ លុះមានឱកាស នាងក៏ទាញកាំបិតចាក់ទៅលើជាច្រើនកាំបិត បណ្តាលឱ្យជនរងគ្រោះប្រកាច់រមៀលធ្លាក់ពីលើគ្រែ ទើបនាងស្ទុះទៅចាក់បន្ថែមសរុបចំនួន១៧កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។
ក្រោយសម្លាប់ជនរងគ្រោះហើយ នាងបានចូលទៅងូតទឹកសម្អាតខ្លួនរួច ទើបប្រមូលយកគ្រឿងអលង្ការ លុយ ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ដោយបានយកម៉ូតូទៅលក់ នៅហាងបញ្ចាំមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១៤៥០ដុល្លារ៕