ពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា-មធ្យមសិក្សាថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨-២០១៩

ខេត្តរតនគិរី÷ ពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សាថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨-២០១៩ នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរី បានប្រារព្ធពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា-មធ្យមសិក្សាថ្នាក់ខេត្តប្រចាំឆ្នាំ ២០១៨ -២០១៩នៅទីលានបាល់ទាត់អនុវិទ្យាល័យឡាបានសៀក។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្តស្តីទី និងមានការចូលរួមពីលោក លោក
ស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រតិភូរកីឡាករ កីឡាការិនីមកពីបណ្តាក្រុងស្រុកទាំង៩សរុបចំនួន ៧៨៤ នាក់។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីបើកការប្រកួតកីឡាសិស្ស បឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆនាំសិក្សា ២០១៨ -២០១៩នេះលោក ញ៉ែម សំអឿន បានធ្វើការលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកួត ដើម្បីដណ្តើមយកជ័យជម្នះជូនក្រុងស្រុករបស់ខ្លួន។ជាពិសេស ការប្រកួតកីឡានាំមកនូវសុខភាពល្អ អាចជៀសផុតពីការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជា ការប្រើប្រាស់អំពើហិង្សា ការសេពគ្រឿងញៀន ល្បែងស៊ីសង។ល។ព្រោះកីឡានាំឱ្យសុខភាពល្អ និងមានវិន័យ វិន័យនាំឲ្យមានសណ្តាប់ ធ្នាប់សេចក្តីថ្លៃថ្នូរ និងមានកិត្តិយស។

លោកអភិបាលរងខេត្តក៏បានធ្វើការអំពាវនាវដល់មន្ត្រីរាជការនៅ តាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំកីឡាករក្នុងក្រុង ស្រុក លោកគ្រូ អ្នកគ្រូទាំងអស់ សូមចូលរួមចំណែកបំផុសចលនាកីឡាឱ្យបានទូលំទូលាយ។ ជាពិសេសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងសាលារៀន ដើម្បីជាគោលដៅសុខុមាលភាព ទាំងផ្លូវកាយផ្លូវបញ្ញារបស់ក្មួយៗ សិស្សានុសិស្សផង និងចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍន៍កីឡាក្នុងខេត្តរតនគិរីយើងផងដែរ។

លោក ឈីវ គឹមសាយ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរី បានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ មាន៤ប្រភេទកីឡា រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម។

ក្នុងនោះបាល់ទាត់បុរសនារី បាល់បោះបុរសនារី មាន៩ក្រុម បាល់ទះបុរសនារីមាន៩ក្រុម និងអត្តពលកម្ម ហើយការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី ១៥ខែមីនា ឆ្នាំ២០១៩ដោយមានសិស្សជាកីឡាករ កីឡាការិនីចូលរួមប្រកួតសរុបចំនួន ៧៨៤នាក់ និងគ្រូបង្វឹកចំនួន៧៤
នាក់។

ការប្រកួតនេះសំដៅប្រមូលផ្តុំកីឡាករ កីឡាការិនីដែលជាសិស្សឱ្យចូលរួមប្រកួតប្រជែង ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស ភាពសប្បាយរីករាយពង្រឹងកាយសម្បទា ឲ្យមាំមួន បង្កើនស្មារតីឲ្យឈ្លាសវៃ និងចៀសផុតពីអំពើអសកម្មផ្សេងៗក្នុងសង្គម៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង