ចាប់ទៀតហើយ!! ជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនបញ្ជូនទៅតុលាការ

ខេត្តរតនគិរី÷ កម្លាំងការិយាល័យជំនាញនៃស្នងការនគរបាលខេត្តបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន ឈានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៨នាក់។

ករណីចុះបង្ក្រាបគ្រឿងញៀនបានធ្វើឡើងនៅវេលាម៉ោង១០និង០០ នាទីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះមុខសញ្ញាជនសង្ស័យ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត។

បន្ទាប់មក កម្លាំងជំនាញបានធ្វើការសាកសួររួចបន្តទៅឃាត់ខ្លួនជនសង្ស័យ៦នាក់ជាមុខសញ្ញាទៀត ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក បូរ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត និងអមដោយក្រឡាបញ្ជី២នាក់ទៀត បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនបានមួយចំនួនធំ។

មន្ត្រីនគរបាលជំនាញបានបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន
ទី១-ឈ្មោះ អ៊ុំ មិនាសិរីរៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។

ទី២-ឈ្មោះ បូរ៉ា រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។

ទី៣-ឈ្មោះ បាន ស្រីល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។

ទី៤-ឈ្មោះ សារ៉ាត់ សម្ពស្ស ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ។

ទី៥-ឈ្មោះ ផល សុខខឿន ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ។

ទី៦-ឈ្មោះ ហេង សង ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ។

ទី៧-ឈ្មោះ ហេង ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។

ទី៨-ឈ្មោះ ហេង តុលា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។

បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន (+)២នាក់ អវិជ្ជមាន(-)៦នាក់ ហើយបានដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១៧កញ្ចប់ (ធំ១៥កញ្ចប់ តូច០២កញ្ចប់) មានទម្ងន់៨០.៩១ក្រាមទាំងសំបកថង់
-ទូរស័ព្ទដៃ ១៣គ្រឿង
-ជញ្ជីង ០១គ្រឿង
-ម៉ូតូ ០១គ្រឿង
-ដាវសាំម៉ូរៃ ០២ដើម
-និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង