រថយន្តធុនធំបើកលឿនបញ្ច្រាស់ទិសចូលចំណែកផ្លូវម៉ូតូបុកកិនស្លាប់ប្រពន្ធមន្ត្រីនគរបាលខេត្តកំពង់ស្ពឺនិងសាច់ញាតិ

ខេត្តកំពង់ស្ពឺ​​​៖ស្ត្រីម្នាក់ដែលគេស្គាល់ច្បាស់ថាជាប្រពន្ធរបស់មន្ត្រីនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តកំពង់ស្ពឺនិងសាច់ញាតិម្នាក់ទៀតបានស្លាប់យ៉ាងអណោចអធម្មខណៈដែលជិះម៉ូតូ១គ្រឿងហើយត្រូវបានរថយន្តធុនធំដឹកទំនិញ (អំពៅ)បើកលឿនដោយយុវជនម្នាក់ជាតៃកុងស្ទើរភ្លើងចូលចំណែកផ្លូវខាងម៉ូតូទាំងបំពានបុកកិនពេញទំហឹងអូសធ្លាក់ផ្លូវជាតិតែម្តង ក្រោយបង្កហេតុរួចតៃកុងរថយន្តធុនធំបានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៣និង ១០នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥១ទៅលេខ ៥២ ស្ថិតនៅក្នុងភូមិជំនាប់ ឃំុសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្តមួយរូបបាននិយាយអោយដឹងថា មុនពេលកើតហេតុគេបានឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដា(ឌ្រីមសង់) សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-1177 បើកបរដោយឈ្មោះ ញ៉ឹម ញ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិចាន់ពីង ឃំុត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឌុបឈ្មោះ ផុន សុជាតា ភេទស្រី អាយុ៣២ឆ្នាំមុខរបរលក់ដូរ(ដែលគេស្គាល់ច្បាស់ថាជាប្រពន្ធរបស់មន្ត្រីនគរបាលបច្ចេកទេសខេត្តកំពង់ស្ពឺ មានឈ្មោះខៀវ ថុឃា) មានទីលំនៅភូមិប៉ែលហែល សង្កាត់ទំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសចាងត្បូងទៅទិសខាងជើង លុះពេល ធ្វើដំណើរមក ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកHYUNDAI(ហ៊ីយ៉ាន់ដាយ) ជាប្រភេទដឹកទំនិញធុនធំ(ដឹកអំពៅ) ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-9654 បើកបរដោយឈ្មោះ ហន ថន ភេទប្រុស អាយុ២៦ឆ្នាំមុខរបរបើកបររថយន្តដឹកអំពៅកាត់រួច មានទីលំនៅភូមិអូរពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿនដូចហោះ បានបើកចូលចំណែកផ្លូវម្ខាងទៀតរបស់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យបុកកិនម៉ូតូចំពេញទំហឹងអូសធ្លាក់ទៅផ្លូវម្ខាងបណ្តាលអោយ ស្លាប់មនុស្សទាំង០២នាក់តែម្តង។ក្រោយបង្កហេតុរួចតៃកុងរថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ ប៉ុន្តែបានបន្សល់ឯកសារមួយចំនួនងាយស្រួលដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវស្វែងរកដែរ។

បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្តមួយរូបបាននិយាយថាកាលពីរថ្ងៃកន្លងទៅក្រុមជនរងគ្រោះជាសាច់ញាតិបានមកចូលរួមពិធីមង្គលការបងប្អូននៅក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយនៅរសៀលថ្ងៃកើតហេតុនេះក្រុមជនរងគ្រោះបានវិលត្រឡប់ទៅកាន់ស្រុកឱរ៉ាល់ដែលជាកន្លែងប្រកបមុខរបរវិញដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤៤ ស្រាប់តែទៅដល់កន្លែងកើតហេតុមានរថយន្តធុនធំបើកបរក្នុងល្បឿនលឿនបុកកិនក្រុមជនរងគ្រោះពេញទំហឹងតែម្តង។បើតាមសម្តីប្រជាពលរដ្ឋអ្នកចោមរោមមើលនៅកន្លែងកើតហេតុជាពិសេសអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងស្រុកឱរ៉ាល់និងស្រុកថ្ពងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពពួកគាត់ធ្វើដំណើររាល់ថ្ងៃ ដោយសារតែក្រុមរថយន្តធុនធំៗទាំងអស់នោះ(រថយន្តដឹកអំពៅដើម និងអំពៅកាត់រួចហើយ)បើកបរដោយតៃកុងក្មេងស្ទាវៗ ក្នុងល្បឿនលឿៗវ៉ា ជែងគ្នាមិនគិតពីការបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរនោះឡើយ។កន្លងមករថយន្តដឹកអំពៅទាំងអស់នោះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររាប់ដងមិនអស់ហើយ រាល់ករណីកើតហេតុតៃកុងរថយន្តតែងតែរត់គេចខ្លួនរហូត។ដូចនេះបងប្អូនប្រជាពលរដ្ឋធ្វើការសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ពន្ធ័មេត្តាជួយចុះពិនិត្យក្រុមរថយន្តដឹកអំពៅនេះផង ជាពិសេសតៃកុងរថយន្តជាប្រភេទក្មេងស្ទាវៗ មេត្តាចុះធ្វើការផ្សព្វផ្សាយអប់រំដល់តៃកុងរថយន្តផង។

លោក ខៀវ ថុឃា មន្ត្រីនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់អោយក្រុមអ្នកសារព័ត៌មានអោយដឹងថាប្រពន្ធរបស់លោកនិងសាច់ញាតិរងនូវភាពអយុត្តិធម៌ដោយរថយន្តធុនធំបើកបុកកិនទាំងបំពានតែម្តង ក្នុងនាមលោកជានគរបាលខេត្តមួយរូបដែលសូមធ្វើការសំណូមពរដល់នគរបាលជំនាញចរាចរណ៍ជួយរកយុត្តិធម៌ដល់ប្រពន្ធនិងសាច់ញាតិលោកផង ពីព្រោះលោកត្រូវបាត់បង់ប្រពន្ធ កូនកំព្រារ០២នាក់ថែមទៀតផង។

នគរបាលស្រុកឱរ៉ាល់និយាយថាចំពោះម៉ូតូជនរងគ្រោះរងការខូចខាតម០១គ្រឿងទាំងស្រុងតែម្តង(ខូចខ្ទេច)រថយន្តបង្កហេតុ ខូចខាតកំរិត ស្រាលនោះទេ។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានប្រគល់សាកសពជនរងគ្រោះទាំង០២នាក់ ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណី។

រីឯវត្ថុតាងកំពុងចាត់ចែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រងចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយទៀត។នគរបាលស្រុកបានបញ្ជាក់ផងដែលថា: អ្នកបើកបររថយន្តក្រោយកើតហេតុបានចុះរត់គេចខ្លួន ដោយបានបន្សល់ទុកតែឯកសារពាក់ព័ន្ធជាប់នៅក្នុងរថយន្តតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង