ប៉ូលិសចាប់ខ្លួនឧកញ៉ា គិត ធាង ពាក់ព័ន្ធថ្នាំញៀនជិត៥០គីឡូនៅមជ្ឈមណ្ឌលកំសាន្ត រ៉ុក
ភ្នំពេញ៖ សមត្ថកិច្ចបាននាំខ្លួនអ្នកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងអាជីវកម្ម រ៉ុក អ៊ិនធើធេនមេន សិនធើ កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រមាណជិត ៥០គីឡូក្រាម នៅក្នុងមជ្ឈមណ្ឌលកំសាន្ត រ៉ុក ដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លងនេះ។
អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចនាំខ្លួនពីភូមិគ្រឹះនៅជិតប៉េអឹមលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់រវស់មន្ត្រីជាន់ខ្ពស់ក្រសួងមមហាផ្ទៃ។
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ប្រាប់រស្មីកម្ពុជា កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ថា ពិតជាមានការនាំខ្លួនអ្នកឧកញ៉ា គិត ធាង ទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ ពិតប្រាកដ មែន ពាក់ព័ន្ធករណីគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ុក។
អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ ថា “ស្នងការនគរបាលរាជធានីភ្នំពេញបានអនុវត្តដីកានាំខ្លួនរបស់សាលាដំបូរាជធានីភ្នំពេញ ដើម្បីនាំខ្លួនឧកញ៉ា គិត ធាង មកកន្លែងស្នងការធ្វើការសាកសួរ អាហ្នឹងអនុវត្តតាមដីកានាំខ្លួនរបស់តុលាការ ពាក់ព័ន្ធគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ុក ពីព្រោះគាត់ជាម្ចាស់ទីតាំងសមត្ថកិច្ចនិងតុលាការត្រូវហៅសួរហើយ”។
អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការចុះទៅបង្ករាបជាទ្រង់ទ្រាយធំនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ បានរកឃើញថ្នាំញៀនជិត ៥០គីឡូក្រាម រួមទាំងឃាត់ខ្លួនមនុស្សចំនួនជាង ៣០០នាក់ ដោយក្នុងនោះមានជនសង្ស័យចំនួន ៣០នាក់ មានជនជាតិខ្មែរចំនួន១៧នាក់ និងជនជាតិចិនចំនួន១៣នាក់៕