ពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី

ខេត្តរតនគិរី÷ ដើម្បីរួមចំណែកពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្តល់សេវាសាធារណៈជូនវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩បានរៀបចំពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំថ្មី ឲ្យចូលកាន់តំណែងផ្លូវការជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតគិរី។

ពិធីប្រកាសចូលកាន់មុខតំណែង ត្រូវបានរៀបចំឡើងនៅសាលាខេត្តរតនគិរី ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសំណាក់លោក ណាប់ ប៊ុន ហេងប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាខេត្ត ប្រមាណជិត១០០នាក់។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ហើយលោកក៏បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាពថ្មីៗនៅក្នុងខេត្តរតនគិរី និងភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅក្នុងខេត្តនេះ។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមក រហូតជំរុញឲ្យមន្ទីរពាណិជ្ជកម្មខេត្ដ ក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីសាធារណៈជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។

ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ អាជ្ញាធរខេត្ដរតនគិរី ដែលបានផ្ដល់កិច្ចសហការល្អ និងតែងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន-សហគ្រាស ការតាមដានស្ថានភាពថ្លៃទំនិញ ការរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗ ការត្រួតពិនិត្យគុណភាពទំនិញ និងឃ្លាំមើលទីផ្សារ ព្រមទាំងការចុះផ្សព្វផ្សាយអំពីច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្ម ជាដើម។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរពាណិជ្ជកម្មថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការរវាងមន្ត្រីនៅក្នុងមន្ទីរ ក៏ដូចជាសម្របសម្រួលធ្វើទំនាក់ទំនងខ្សែបណ្តាយ និងទទឹងឲ្យបានត្រឹមត្រូវ។ លើសពីនេះ ត្រូវចេះដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមជូនអង្គភាព ថ្នាក់ដឹកនាំខេត្ត និងក្រសួងពាណិជ្ជកម្ម ពិសេសសម្រួលដល់ការអភិវឌ្ឍវិស័យឯកជននៅក្នុងខេត្តរតនគិរីទាំងមូល។

សូមបញ្ជាក់ថា លោក ខៀវ ថា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទិរពានិច្ជកម្មខេត្តរតនគិរី ជំនួសលោក ភូ ធាឡំ ដែលបានចូលនិវត្តន៍៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង