ផ្ទះទុកចោល១ខ្នងក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ

កោះកុង ៖ ផ្ទះទុកចោល១ខ្នងក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ កុ្រងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងនៅវេលាម៉ោង១០.៣០នាទីព្រឹក នាថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៩ ។

បើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសង្កាត់កើតហេតុខាងលើបានអោយដឹងថា ផ្ទះ១ខ្នងដែលត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងខាងលើនោះ សាងសង់អំពីឈើ ដំបូលស័ង្កសី ដែលគេបានទុកចោលហើយគ្មានមនុស្សរស់នៅជាយូរយារណាស់មកហើយ ។

ប្រភពខាងលើបានបន្តថា ពួកគាត់មានការសង្ស័យថាមូលហេតុដែលបង្កអោយមានអគ្គីភ័យឆាប់ឆេះបែបនេះ គឺប្រហែលជាមានមនុស្សបោះចោលកន្ទុយបារីក្បែរៗនោះហើយ ម៉្យាងទៀតបច្ចុប្បន្ននេះអាកាសធាតុកំពុងតែមានភាពក្តៅហួតហែងផងនោះ ទើបបណ្តាលអោយ មានអគ្គីភ័យកើតឡើងបែបនេះ ។

ក្រោយកើតហេតុភ្លាមៗប្រជាពលរដ្ឋ និង កំលាំងសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ បានសហការជាមួយកម្លាំងប៉ុស្តិស្មាច់មានជ័យចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗផងដែរ និងបានប្រើប្រាស់ឡានទឹករបស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដើម្បីពន្លត់អគ្គីភ័យភ្លាមៗផងដែរ ។

សមត្ថកិច្ចក៏បានអោយដឹងដែរថា ក្នុងហេតុការគ្រោះអគ្គីភ័យខាងលើមិនមានបង្កអោយមានការបាត់បង់អាយុជីវិតមនុស្សនោះទេ ដោយគ្រាន់តែមានការខូចខាតនូវផ្ទះ១ខ្នងទាំងស្រុង និងមានការខូចខាតផលដំណាំពលរដ្ឋដែលនៅក្បែរនោះបន្តិចបន្តួចតែប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរសមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់មេត្តាបង្កើននូវការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះបញ្ហាភ្លើងផ្សែងផ្សេងៗព្រោះសព្វថ្ងៃនេះធាតុអាកាសកំពុងតែមានភាពរាំងស្ងួតហួតហែង ដែលជាហេតុងាយបង្កអោយកើតមានជាអគ្គីភ័យនិងអភូតហេតុផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ៕

អត្ថបទដែលជាប់ទាក់ទង