កម្លាំងអធិការ ស្រុកកែវសីមា បានសហការមួយកម្លាំងការិយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តមណ្ឌលគិរី បង្រ្កាបបានរថយន្តដឹកឈើខុសច្បាប់មួយគ្រឿង
មណ្ឌលគិរី៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ី អាន ស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ទោ វ៉ាន ដានីន អធិការនគរបាលស្រុកកែវសីមា បានធ្វើការចាប់ឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាកលុចសីុស470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-5059 ផ្ទុកឈើប្រភេទសុក្រម ចំនួន ១១ ដុំ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ គា ហៅដូ ភេទប្រុស ជនជាតិព្នង សញ្ជាតិខ្មែរ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ការចុះបង្រ្កាបរថយន្តខាងលើនេះបានកើតឡើងនៅថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ ស្តិតនៅភូមិអូរអាមឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បើតាមប្រភពព័ត៌មានបានប្រាប់អោយដឹងថារថយន្តដឹកឈើខុសច្បាប់ខាងលើបានធ្វើចរាចរដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃចេញពីព្រៃសហគមន៍ ព្រៃដែនជំរក និងព្រៃការពារមួយចំនួនទៀតនៅក្នុងស្រុកកែវសីមា ហើយយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងមួយចំនួនក្នុងស្រុកកែវសីមាដូចជាច្រករបៀងឡាប៉ាខេ ជាដើម។ល។ ប៉ុន្តែលើកនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបបានតែម្តង។
មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថាមិនមែនមានតែរថយន្តមួយគ្រឿងខាងលើនេះ នោះទេដែលធ្វើចរាចរដឹកជញ្ជូនឈើខុសច្បាប់នោះមានរថយន្តជាច្រើនគ្រឿងទៀត ប៉ុន្តែពួកគាត់មិនសូវឃើញសមត្ថកិច្ចពាក់ពន្ធ័និងជំនាញធ្វើការបង្រ្កាបបាននោះឡើយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ខាងលើត្រូវបានប្រគល់ជូនជំនាញបរិស្ថានដែនជម្រកសត្វព្រៃកែវសីមា ដើម្បីចាត់ការតាមនីតិវិធី។