ជិះម៉ូតូឌុបគ្នាតាមផ្លូវត្រូវជនមិនស្គាល់មុខលួចកាប់ពីក្រោយរងរបួសធ្ងន់
ខេត្តរតនគិរី÷ យុវជន២នាក់បានរងរបួសធ្ងន់បន្ទាប់ពីជនមិនស្គាល់មុខលួចប្រហារពីក្រោយខណ:កំពុងជិះម៉ូតូតាមផ្លូវ។
ករណីលួចកាប់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩កន្លងទៅ តតាមផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិកែត ឃុំញ៉ាង ស្រុកអណ្ដូងមាស។
មន្ត្រីនគរបាលរដ្ឋបាលឃុំញ៉ាងបានឲ្យដឹងថា ជនរងគ្រោះមានចំនួន២នាក់នាក់ ទី១-ឈ្មោះ រចំ រិន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិច្រាយ បានរងរបួសចំម្រាមដៃខាងស្ដាំ រងរបួសស្រាល។ ទី២-ឈ្មោះ កែវ ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បានរងរបួសធ្ងន់ចំក្បាលខាងស្តាំ អ្នកទាំងពីរនាក់រស់នៅភូមិកែត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ជនបង្កចំនួន២នាក់ក្រោយធ្វើសកម្មភាពបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល មិនត្រូវបានស្គាល់អត្តសញ្ញាណណឡើយ។
មន្ត្រីនគរបាលបន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានចុះទៅដល់កន្លែងកើតហេតុ និងដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ទៅព្យាបាលនៅមណ្ឌលសុខភាពឃុំញ៉ាងស្រុក អណ្តូងមាស។
លោកថា មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាទៅលេងក្នុងវត្តឃុំញ៉ាង ពេលត្រឡប់មកផ្ទះវិញក៏បានឃើញមនុស្ស២នាក់ដើរតាមផ្លូវ ពេលជិះម៉ូតូហួសបន្តិចជនបង្កលួចកាប់ពីក្រោយតែម្តងរួចរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនបង្កកម្លាំងជំនាញនិងប៉ុស្តិ៍កំពុងចុះស្រាវជ្រាវ តាមរកមុខសញ្ញាដើម្បីចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ សាវ័ន