រថយន្តបាឡែន ក្រោយពីបុកម៉ូតូបណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់ស្រាល ហើយព្យាយាមបើករត់គេចខ្លួនបាត់
ខេត្តរតនគិរី÷ រថយន្តមួយគ្រឿងបើកបុកម៉ូតូយុវជន២នាក់ពីក្រោយ ខណ:កំពុងធ្វើដំណើរលើដងផ្លូវជាតិបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ក្នុងទិសដៅស្របគ្នាពីលិចទៅកើត។
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៩កន្លងទៅ នៅចំណុចមុខផ្លូវចូលភូមិកាតែ តាមបណ្តោយផ្លូវជាតិលេខ ៧៨
ស្ថិតនៅក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីនគរបាលរដ្ឋបាលឃុំលំជ័របានឲ្យដឹងថា ជនបង្កបើកបររថយន្តមួយគ្រឿងម៉ាកបាឡែន ពណ៌ស អត់ចាំស្លាកលេខ ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍ បានបើករថយន្តគេចខ្លួនបាត់តែម្តង ហើយបន្សល់ទុកជនរងគ្រោះ២នាក់នៅកន្លែងកើតហេតុ។
រីឯជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាក អិច សេនធឺ ពណ៌ខ្មៅ បើកបរដោយឈ្មោះ រចំ ពេញ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ មានទីលំនៅ នៅភូមិគ្លិ ឃុំសុើង ស្រុកបរកែវ ខេត្តរតនគិរី រងរបួសស្រាល។
អ្នករួមដំណើរឈ្មោះ លាង ហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១១៣ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់។
មន្ត្រីនគរបាលបន្តថា មូលហេតុអ្នកបើកបររថយន្តបង្កបើកខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែកម៉ូតូត្រូវបានកម្លាំងប៉ុស្តិ៍ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាវដាវដើម្បីស្រាវជ្រាវបន្តរករថយន្តបង្កហេតុយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕