ព័ត៌មានជុំវិញ ការចេញអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដកតំណែងអភិបាលរងខេត្តព្រះសីហនុ 2 រូប

ភ្នំពេញ៖ នៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2019 សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកអភិបាលរង ខេត្តព្រះសីហនុ ចំនួន 2 រូប ចេញពីតំណែង ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការចុះអនុវត្តសាលដីកា ដោយបានប្រើប្រាស់កម្លាំងសមត្ថកិច្ច ដោយហឹង្សា រឹបអូសយក ដីធ្លីទំនាស់ នៅក្នុងខេត្តព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅនេះ ។

ការចេញ អនុក្រឹត្យ របស់រាជរដ្ឋាភិបាលនេះ ផងដែរ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមាន នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ កាលពីវេលាថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2019 នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយសម្ដេចបានដាក់បទបញ្ជាឲ្យមានការសិក្សា ដើម្បីដកតំណែងអភិបាលរងខេត្ត 2រូប និងមេបញ្ជាការយោធាខេត្តព្រះសីហនុផងដែរ។

នៅក្នុងអនុក្រឹត្យនោះ បានបញ្ជាក់ថា បញ្ចប់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួនពីររូប ដូចមានរាយនាម ខាងក្រោម ៖ ទី 1 លោក ស្រ៊ុន ស្រ៊ន់ ឋានន្តរសក្កិ ឧត្តមមន្ត្រីថ្នាក់លេខ 3 និង ទី 2 លោក ផៃ ប៊ុនវណ្ណៈ  ឋានន្តរសក្កិ មន្រ្តីថ្នាក់លេខ 5 ។

បន្ថែមពីលើអនុក្រឹត្យ ដែលសម្រេចដក អភិបាលរងខេត្ត ព្រះសីហនុ ចំនួន 2 រូប សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ខ្លឹមសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់សម្ដេច ដោយចាត់ទុកថា ការដកអភិបាលរង ខេត្តព្រះសីហនុទាំង 2 រូបនេះគឺជាការយកគ្រាប់គ្រួសនិងខ្សាច់ចេញពីស្បែកជើង ហើយដើរទៅមុខទៀតបាន។

សម្ដេចបានបញ្ជាក់ទៀតថា ” ថ្ងៃនេះខ្ញុំបង្ខំចិត្ត អនុវត្តន៍អភិក្រមទី៥ គឺ ការវះកាត់ ដកអភិបាលរង ខេត្តព្រះសីហនុ ពីររូប ចេញពីតំណែង ខ្ញុំត្រូវតែយកគ្រាប់គ្រួសនិងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន ខ្ញុំគ្មានពេលនិយាយច្រើន ជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ត្រូវវាយ កណ្ដុរក៏ត្រូវវាយ រុយក៏ត្រូវវាយ ឲ្យតែបំពានលើផល ប្រយោជន៍ប្រជាជន។

បន្ថែមលើសពីនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រគល់ការងារបន្ត ជូនអង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងមហាផ្ទៃ ជុំវិញករណីដកអភិបាលរង ខេត្តព្រះសីហនុនេះ ដោយ សម្ដេច បានឆ្លើយតបក្នុង comment ជាមួយប្រជាពលរដ្ឋយ៉ាងដូច្នេះថា ” សូមបញ្ជាក់ថា ខ្ញុំបានប្រើ អំណាចខ្ញុំ ដើម្បីដកចេញពីតំណែង ហើយឯការងារបន្ត គឺជាភារកិច្ចរបស់ អង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងមហាផ្ទៃ។

ជុំវិញការសម្រេច ដកអភិបាលរង ខេត្តព្រះសីហនុទាំង 2 រូបនេះផងដែរ ក៏មានការអបអរសាទរគាំទ្រនិងកោតសរសើរយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះចំណាត់ការដ៏ត្រឹមត្រូវ របស់សម្ដេចនាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង