ផ្ទះបើកល្បែងសុីសងចាក់បាល់តាមប្រព័ន្ធអេឡិចត្រូនិចមួយកន្លែង​ នៅផ្លូវ៤៧៤​ បឹងត្របែក​ អាជ្ញាធរខណ្ឌចំការមន​ មិនហ៊ានបង្ក្រាប

ភ្នំពេញ ៖ ផ្ទះបើកល្បែងសុីសងចាក់បាល់​ តាមប្រព័ន្ធអេឡិចត្រនិចមួយកន្លែង​ បើកលេងយូរឆ្នាំមកហើយ​ ដែលមានទីតាំងនៅផ្លូវ៤៧៤​ បឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងអាជ្ញាធរ​ និងសមត្តកិច្ចមិនហ៊ានបង្ក្រាប។

បើតាមសម្ដីរបស់ពលរដ្ឋ​ រស់នៅក្បែរទីតាំងល្បែងសុីសងខាងលើ​ បានលួចខ្សិបប្រាប់ភ្នាក់ងារសារព័ត៌មានយើងថា ទីតាំងបើកល្បែងសុីសងចាក់បាល់តាមប្រព័ន្ធអេឡិចត្រនិចខាងលើ​ បើកលេងយូរឆ្នាំមកហើយ កាក់កបខ្លាំងណាស់ ពួកគាត់មិនដែលឃើញខាងអាជ្ញាធរ​ និងសមត្តកិច្ចមូលដ្ឋានខណ្ឌចំការមន​ ធ្វើការចុះមកត្រួតពិនិត្យ​ និងមានចំណាត់ទាល់តែសោះ ពលរដ្ឋសង្ស័យថា​ ប្រហែលត្រូវរ៉ូវគ្នាហើយ បើមិនមានការបើកភ្លើងខៀវ​ ពីខាងអាជ្ញាធរ សមត្តកិច្ចមូលដ្ឋាននោះទេ គឺមិនអាចបើកលេងបានយ៉ាងរលូនបែបនេះទេ ឬមួយខ្លាចអំណាចឥទ្ធិពលម្ចាស់បនល្បែងខាងលើនោះ។

ពលរដ្ឋនិយាយប្រាប់បន្តទៀតថា ល្បែងគ្រប់ប្រភេទនៅទឹកដីខណ្ឌចំការមន​ បើកលេងមានសេចក្ដីសុខយ៉ាងខ្លាំង ពួកគាត់មិនដែលឃើញលោក​ ព្រុំ សំខាន់​ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន​ និងលោកអធិការខណ្ឌចំការមន​ ចុះប្រតិបត្តិការបង្ក្រាប​ ទៅលើល្បែងគ្រប់ប្រភេទនោះទេ នេះជាភាពអសកម្មយ៉ាងខ្លាំង​ ចំពោះមន្ត្រីជំនាញ​ និងសមត្តកិច្ចខណ្ឌចំការមន។

ពលរដ្ឋសង្ឃឹមយ៉ាងមុតម៊ាំថា ឯកឧត្ដម​ ស ថេត​ ស្នងការរាជធានីភ្នំពេញ​ និងជាអគ្គស្នងការរងនគរបាលជាតិ មិនទុកឲ្យកើតមាននៅល្បែងសុីសងគ្រប់ប្រភេទ​ ក្នុងរាជធានីភ្នំពេញទៀតទេ នេះជាកណ្ដាប់ដៃក្ដៅ ដែលពលរដ្ឋចង់បាន ដូចការចុះបង្ក្រាបថ្មីៗ​ នៅមជ្ឈមណ្ឌលរ៉ុកអញ្ចឹង ៕

អត្ថបទដែលជាប់ទាក់ទង