ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតបុកអ្នកថ្មើរជើងបណ្តាលឲ្យរបួសធ្ងន់ នៅស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូជិះទៅបុកអ្នកដើរថ្មើរជើងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកអ្នកថ្មើរជើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩កន្លងទៅ នៅចំណុចមុខផ្ទះឈ្មោះប្រុសស្ថិតក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ជនបង្កជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ បើកបរដោយឈ្មោះ រម៉ាម យួន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រងរបួសស្រាល ។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក ស្រីមុំ ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុខាងលើ រងរបួសធ្ងន់ ។
មន្ត្រីនគរបាលបន្តថា មូលហេតុម៉ូតូបង្កបើកបរលើសល្បឿនកំណត់និងខ្វះការប្រុងប្រយ័ត្នថែមទៀតផង ទើបបណ្តាលឲ្យជិះជ្រុលចង្កូតទៅបុកអ្នកដើរថ្មើរជើងយ៉ាងពេញទំហឹងតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានឪពុកម្ដាយដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។
ដោយឡែកវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំលំជ័របានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវដើម្បី រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕ ដោយ សាវ័ន