មនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលក្លឹបកំសាន្តរ៉ុក ពាក់ព័ន្ធការជួញដូរនិងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ យ៉ាងតិចមានមនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលក្លឹបកំសាន្តរ៉ុក ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន មានជាបុគ្គលិកផង ក្នុងបទល្មើសជាក់ស្តែង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៩ ដោយកម្លាំងសមត្ថកិច្ចដោយផ្ទាល់ជាច្រើននាក់ឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកំសាន្តRock នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សមត្ថកិច្ចឃាត់បានមនុស្សរាប់រយនាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ មួយចំនួនធំ ។
ប្រតិបត្តិការដ៏ក្តៅគគុកទ្រង់ទ្រាយធំ និងពុំធ្លាប់មានពីមុនមកនេះ គឺលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនឹងកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌចំការមន នឹងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យជួញដូរនឹងប្រើប្រាស់សារធាតុញៀនចំនួនប្រមាណជាង៣០០នាក់ រួមទាំងចាប់យកបានថ្នាំញៀន ជាមួយសំភារៈជាច្រើនទៀត ។
ជនសង្ស័យមនុស្សប្រុសស្រីជាង៣០០នាក់ ត្រូវបាននាំខ្លួនធ្វើកំណត់ហេតុសាកសួរតាមនីតិវិធី ដើម្បីបញ្ជូនសំណុំទៅសាលាដំបូងរាជធានីភ្នំពេញ។
ថ្លែងបញ្ជាក់តាម ផេកផ្ទាល់ខ្លួនរបស់ឧត្តមសេនីយ៍ឯក ស ថេត បានសរសេរថា ” យប់មិញ លោក និងស្នងការរងជាច្រើនរូប ព្រមទាំងកម្លាំងជំនាញចម្រុះ បានចុះបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកំាភ្លើងខ្លី១ដើម!! “។
នៅក្នុងប្រតិបត្តិការណ៍របស់កម្លាំងស្នងការនគរបាល រាជធានីភ្នំពេញខាងលើ មិនត្រូវបានអនុញ្ញាតិអោយក្រុមអ្នកសារព័ត៌មានចូលទៅក្នុងទីតាំងក្លឹបកំសាន្តRockដើម្បីថតផ្ដិតយករូបភាពមនុស្សដែលត្រូវឃាត់ខ្លួន ក៏ដូចជាវត្ថុតាង ជាប្រភេទថ្នាំញៀន បាននោះទេ។
តែទោះជាយ៉ាងណា គេសង្កេតឃើញមានរថយន្តហុីយ៉ាន់ដាយ ប្រភេទ៥តោនចំនួន២គ្រឿងបានចូលទៅក្នុងបរិវេណក្លឹបកំសាន្តRock ហើយមានកម្លាំងសមត្ថកិច្ចចាប់មនុស្សបញ្ចូលក្នុងរថយន្តហុីយ៉ាន់ដាយ ជាច្រើននាក់ផងដែរ ។ ក្នុងនោះ ក៏មានសមត្ថកិច្ចបានបង្ហើបរូបភាព ថ្នាំញៀនជាច្រើនប្រភេទ និងជាច្រើនកញ្ចប់ផងដែរ ។