បាត់មុខមួយរយៈ ពេជ្រ សូលីកា និង នីកូ ក្លាយជាតួឯកក្នុងរឿងភាគ
រាជធានីភ្នំពេញ ៖ មហាជនប្រាកដជាមានការភ្ញាក់ផ្អើល ក្រោយពីបាត់មុខក្នុងសិល្បៈមួយរយៈ ពេលនេះស្រីស្អាត ពេជ្រ សូលីកា បានលេចមុខជាថ្មីដោយចាប់ដៃគូជាមួយ នីកូ។ ខណៈលេចមុខភ្លាមអ្នកទាំងពីរបានបង្ហាញនៅក្នុងបទចម្រៀង«លាក់បាំង »ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យកន្លងមក។
ចេញបទចម្រៀងមិនទាន់បានប៉ុន្មានផង ពេលនេះអ្នកទាំងពីរបានលេចមុខរួមគ្នានៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសក្នុងតំណែងជាតួឯកទៀតផង។ ការបង្ហាញមុខរួមគ្នារបស់តារាចម្រៀងវ័យក្មេងរូបស្រស់ទាំងពីរនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសដែលមានចំណងជើងថា«អាពាហ៍ពិពាហ៍ចៃដន្យ» បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ដែលម្នាក់ៗរំពឹងថានឹងបានឃើញសមត្ថភាពសម្តែងរបស់អាយដលខ្លួនជាលើកដំបូងនៅក្នុងរឿងភាគ។
នៅក្នុងរឿងភាគនេះគេសង្កេតឃើញមានតារាមួយចំនួនដូចជា កុល ដាវី ប្រុសសង្ហាភ្នែកតូច Step រួមនឹងតារាសម្តែងជើងចាស់អ្នកស្រី ឌី សាវ៉េត ទៀតផង។ ទោះបីជាលើកដំបូងដែលបានហក់ចូលនៅក្នុងការសម្តែងរឿងក៏ពិតមែនតែ ពេជ្រ សូលីកា និង នីកូ រំពឹងថាស្នាដៃទីមួយរបស់ពួកគេនឹងទទួលបានការគាំទ្រពីសំណាក់មហាជន។
ក្នុងនោះក៏មានការបន្ថែមពីសំណាក់មិត្តភក្តិដែលស្និទ្ធជាមួយ ពេជ្រ សូលីកា ថា មិនត្រឹមតែថតរឿងភាគទេ ពេជ្រ សូលីកា ក៏បានថតចម្រៀងផងដែរ។អាចនិយាយថា ពេលនេះនាងជាតារាចម្រៀងនៅក្នុងផលិតកម្មមួយ នេះ ។ ពេជ្រ សូលីកា និង នីកូ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យកន្លងមក៕