កិច្ចប្រជុំត្រៀមរៀបចំខួបទី៦០ឆ្នាំនៃបង្កើតខេត្តរតនគិរី
ខេត្តរតនគិរី÷ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅរដ្ឋបាលខេត្តរតនគិរីបានបើកកិច្ចប្រប្រជុំដើម្បីត្រៀមរៀបចំការប្រារព្ធពិធីខួប៦០ឆ្នាំនៃការបង្កើតខេត្តរតនគិរី។
កិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គិត ទ្រី អភិបាលរង ខេត្តតំណាងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត។
លោក គិត ទ្រី មានប្រសាសន៍ថាការប្រារព្ធរៀបចំខួប៦០ឆ្នាំ នៃការបង្កើតរតនគិរី នឹងធ្វើនៅថ្ងៃអាទិត្យទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរង្វង់មូលនាគព័ន្ធក្រុងបានលុងចាប់ពីម៉ោង៧និង៣០នាទីប្រារព្ធអង្គពិធីរំលឹកខួប ដោយមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយក្នុងឱកាសនោះក៏មានធ្វើពិធីរាប់បាតព្រះសង្ឃចំនួន៦អង្គផងដែរ។
នៅពេលយប់មានប្រារព្ធពិធីប្រគំតន្រ្តីនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។
លោក អភិបាលរង ក៏បានណែនាំដល់ប្រធានមន្ទីរអង្គភាពទាំងអស់ត្រូវធ្វើអនាម័យសម្អាតតាមអង្គភាពរៀងៗខ្លួន ហើយអាជ្ញាធរក្រុងបានលុងត្រូវណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវជាតិក្នុងក្រុងអោយដាក់ទង់ជាតិគ្រប់ៗគ្នា។
សូមបញ្ជាក់ថាខេត្តរតនគិរីបានបង្កើតឡើងនៅថ្ងៃអង្ការ៍ ៩កើតខែមាឃ ឆ្នាំច សំរិទ្ធឹស័ក ព.ស២៥០១ ត្រូវនឹងថ្ងៃទី១៧ កុម្ភៈ
ឆ្នាំ១៩៥៩ តាមព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខាដោយសម្តេចព្រះនរោត្តម សុរាម្រិត តាមសំណើរទេសរដ្ឋមន្រ្តីទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្រ្តីស្តីទីសុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង៕ ដោយ សាវ័ន្ថ