យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីផ្ទុះគ្រាប់កែច្នៃបោកត្រី នៅស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី÷ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីផ្ទុះគ្រាប់កែច្នៃបោកត្រីធ្វើអំពីរំសេវផាវភ្លាត់ស្នៀតត្រូវខ្លួនឯង។
ករណីផ្ទុះគ្រាប់កែច្នៃត្រូវខ្លួនឯងបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នៅចំណុចអូរតាង ស្ថិតក្នុងភូមិសំ ឃំុយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអូរយ៉ាដាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រចំ លិប ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិច្រាយ បានរងរបួសត្រូវប្រអប់ដៃខាងស្តាំ ត្រូវមុខ និងត្រូវក្បាលជង្គង់ទាំងសងខាង។ ហើយមានទីលំនៅភូមិតេនង៉ល ឃំុយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បន្ទាប់មកត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
សូមបញ្ជាក់ថា ករណីផ្ទុះគ្រាប់កែច្នៃបោកត្រីជាច្រើនដងកន្លងមកហើយដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានពុំមានចំណាត់ទល់តែសោះចំពោះអ្នកកែច្នៃគ្រាប់ទាំងនោះទេ នេះគ្រាន់តែផ្ទុះត្រូវខ្លួនឯងប៉ុណ្ណោះ នេះបើផ្ទុះត្រូវប្រជាពលរដ្ឋជាច្រើនអ្នកវិញនោះ? តើអាជ្ញាធរមានចំណាត់ការដូចម្ដេចចំពោះបញ្ហាគ្រាប់កែច្នៃនេះ៕ ដោយ សាវ័ន្ថ