បើករថយន្តខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តស្ទឹងត្រែង÷ បុរសពីរនាក់ជិះរថយន្តតាកូម៉ាបើកបរក្នុងល្បឿនយ៉ាងលឿនដោយសារស្ថានភាពផ្លូវក្រួសក្រហមរអិលផងនោះខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់ទៀតមនុស្សចេញពីរថយន្តម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ករណីក្រឡាប់រថយន្តបង្កដោយខ្លួនឯង បានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចកុំផាន់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលក្រឡាប់រថយន្តទី១-ឈ្មោះ ចក់ ធឿនភេទប្រុស អាយុ៤៥ឆ្នាំបានរងរបួសធ្ងន់ ជាអ្នកបើកបរ។ អ្នករួមដំណើរទី២ ឈ្មោះ មករា ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) អ្នកទាំង២នាក់រស់នៅក្នុងទីរួមខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២y-២៣០៧ បើកបរចេញពីរួមទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ច្រកអន្តរជាតិត្រពាំងគ្រៀលតាមផ្លូវជាតិលេខ៧ ខណ:មកដល់ចំណុចកើតហេតុដោយសារខ្វះការប្រុងប្រយ័ត្នបើកបរក្នុងល្បឿនលឿនហួសការកំណត់ផ្លូវក្រួសក្រហមមិនទាន់បានចាក់កៅស៊ូបានរអិលរេចង្កូតធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់និងមនុស្សខ្ទាតចេញពីរថយន្តបោកទៅនឹងថ្នល់បណ្ដោយឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យស្ថានភាពរថយន្តដែលបង្កដោយខ្លួនឯងនោះមិនត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទេ បានប្រគល់សពទៅកាន់ក្រុមគ្រួសារជនរងគ្រោះយកមកធ្វើបុណ្យតាមប្រពៃណី៕ ដោយ សាវ័ន្ថ

អត្ថបទដែលជាប់ទាក់ទង