នគរបាលចរាចរណ៍ចុះបង្ក្រាបម៉ូតូនិងរថយន្តដែលដាក់បំពង់សំលេងស៊ីម៉ាំងលាន់លឺរំខានដល់ប្រជាពលរដ្ឋជាច្រើនគ្រឿង..
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ កំលាំងនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ ១ក្រុមចុះបង្ក្រាបជនទំនើងដែលមាន ម៉ូតូរថយន្តដែលចូលចិត្តដាក់បំពង់សំលេងស៊ីម៉ាំងលាន់លឺកងរំពងនៅពេលយប់និង ពេលថ្ងៃធ្វើឲ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាច្រើនគ្រឿងយកមកព្រមាន និងធ្វេីកិច្ចសន្យាបើនៅតែមិនរៀងចាលទៀតនោះ និងត្រូវចាប់បញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក សន គឹមសួគ៌នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា បញ្ហាការកែច្នៃ សំលេងស៊ីម៉ាំងរថយន្តនិងម៉ូតូ ឲ្យលាន់លឺ ខ្លាំងធ្វើចរាចរណ៍តាមផ្លូវសាធារណៈ វាបង្កឲ្យមានភាពអណាធិបតេយ្យ បាត់បង់នូវសណ្តាប់ធ្នាប់ខេត្ត ដូចជាប្រទេសគ្មានច្បាប់ទម្លាប់ ម្យ៉ាងវិញទៀតចំពោះរថយន្តភាគច្រើន គឺផ្តើមចេញពីរថយន្តដឹកដី ចំណែកម៉ូតូផ្តើមចេញពីក្រុមក្មេងទំនើង អ្នកលេងម៉ូតូ កែច្នៃម៉ូតូ ឡាន ឲ្យខុសពីលក្ខខណៈបច្ចេកទេស ដែលទង្វើទាំងអស់នេះហើយដែលធ្វើឲ្យរំខានអារម្មណ៍ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវដេកពួនមិនបាន និងអ្នកប្រើប្រាស់ផ្លូវជា ពិសេសគឺមន្ទីរពេទ្យនិងគ្លីនិក ដែលមានអ្នកជម្ងឺកំពុងសម្រាកព្យាបាលជាដើម ។
លោកវរសេនីយ៍ឯក សន គឹមសួគ៌ បានបញ្ជាក់ថាឲ្យដឹងទៀតថាផ្តើមចេញ ពីទង្វើអសិលធម៌នេះ លោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកម្លាំងនគរបាលការិយាល័យជំនាញ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ក៏ដូចជាកម្លាំងនគរបាលចរាចរណ៍គ្រប់ ស្រុក ក្រុង ត្រូវតែមានវិធានការម៉ឺងម៉ាត់ ចាប់ម៉ូតូនិងឡាន ដែលកែច្នៃបំពង់សំលេងស៊ីម៉ាំងចាប់ឲ្យអស់។ ហើយយកមកការិយាល័យ និងអធិការដ្ឋាន ស្រុក ក្រុង ជំហានដំបូងគឺវិធានការអប់រំ និងធ្វើកិច្ចសន្យា លើកទី២ ត្រូវធ្វើការផាកពិន័យឲ្យធ្ងន់ធ្ងរ បើសិនជាមិនរាងចាល លើកទី៣ ចាត់វិធានការរដ្ឋបាល។
ជាក់ស្តែងនៅថ្ងៃទី២៣នេះកំលាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានចុះឃាត់អ្នកជិះម៉ូតូបំពាក់ស៊ីម៉ាំងសំលេងលាន់លឺខ្លាំងៗ បាន ចំនួន៣នាក់ ១ឈ្មោះផុន ចាន់ណាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ២ឈ្មោះ ដោក ខែម ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គារ៍បុស្ស សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ៣ឈ្មោះ ហុង ឆាទ្រី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិកណ្តាល ឃុំអូរជ្រៅស្រុកអូរជ្រៅ ដែលកម្លាំងនគរបាលចរាចរណ៍ ក៏បានស្ទាក់ចាប់នាំយកមកអប់រំ និង ការិយាល័យចរាចរណ៍ផ្លូវគោក ហើយក៏បានធ្វើកិច្ចសន្យា ហើយឲ្យយកបំពង់ស៊ីម៉ាំងដើម មកដាក់វិញ ទើបឲ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តទើបអាចឲ្យវិលត្រឡប់ទៅផ្ទះវិញបាន៕