ពលរដ្ឋក្នុងក្រុងបានលុងបានសម្តែងនូវការសាទរចំពោះការពង្រីកផ្លូវក្នុងក្រុង

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋក្នុងក្រុងបានលុងខេត្តរតនគិរីជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលត្រូវពង្រីកបានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះលោក ថង សាវុន អភិបាលខេត្ត ដែលបានធ្វើការពង្រីកផ្លូវក្នុងក្រុងឲ្យកាន់តែធំជាងមុន។

បងស្រី ណាក់ និងបងស្រីគន្ធា ដែលមានលំនៅដ្ឋានសងខាងផ្លូវបានលើកឡើងស្រដៀងគ្នាថា ពួកគាត់សប្បាយរីករាយណាស់ដែលបានផ្លូវធំងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសសម្រួលដល់ការស្ទះចរាចរណ៍ជាដើមនិងសូមថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីក្រុងឥតឈប់ឈរធ្វើឲ្យទីក្រុងបានលុងមានភាពស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ។​

លោក ផាត់ សុភា នាយកហិរញ្ញវត្ថុសាលាខេត្តបានឲ្យដឹងថា ការពង្រីកផ្លូវនេះគឺប្រើប្រាស់ថវិការសាលាខេត្ត។ ហើយការពង្រីកគឺចាប់ពីកែងផ្លូវលេខ២៣(កែងបំបែកជាបួនទល់មុខសាលាគ្រូយើង)មកដល់ផ្លូវកែងលេខ២៧(កែងបំបែកជាបួនបាសាំងទឹក)សរុបប្រវែង៤៦០ម៉ែត្រដោយធ្វើការពង្រីកទទឹង១០ម៉ែត្រក្រាលកៅស៊ូប្រភេទDBSTលើផ្លូវកៅស៊ូចាស់៧ម៉ែត្រ។​

លោក ផាត់ សុភា បានបន្តថា គម្រោងចំណាយលើការពង្រីកផ្លូវនេះសរុបប្រមាណជាង៦០០លានរៀល៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង