ស្រវឹងស្រាដើររករឿងគេ លទ្ធផលបែកក្បាលហូរឈាមពេញខ្លួន
ខេត្តរតនគិរី÷ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីផឹកស្រាស្រវឹងដើររករឿងគេឯងគេ ទ្រាំមិនបានដាក់មួយដៃមួយជើងហូរឈាមពេញខ្លួនហើយរត់គេចខ្លួនបាត់។
ករណីអំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅក្នុងភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្តូងមាស។
មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហម ហាន ភេទប្រុស អាយុ៣១ឆ្នាំ របួសធ្ងន់ មានមុខរបរមេការចម្ការកៅស៊ូ លោកជាតិ សុផាន់ណា រស់នៅភូមិ/ឃុំកើតហេតុខាងលើ ត្រូវបានអ្នកភូមិកាតែ ឃុំម៉ាលិក ចំនួនប្រហែល៥នាក់
ព្រួតគ្នាវាយនឹងដៃនិងខ្សែក្រវ៉ាត់ជាច្រើន បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ហើយជនបង្កក្រោយពីធ្វើសកម្មភាពបាននាំគ្នារត់គេចខ្លួនបាត់អស់។
ចំណែកជនរងគ្រោះបានស្គាល់មុខជនដៃដល់ទាំងនោះហើយទុកឲ្យសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់បង្កឲ្យមានរបួសស្នាម។
ក្រោយពីកើតហេតុរួចសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដឹកបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកអណ្តូងមាស។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចុះស្រាវជ្រាវរកមុខជនដៃដល់យកមក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ សាវ័ន