បុរសម្នាក់ស្លាប់ក្នុង ករណីផឹកស្រា ហូបដំឡូង មីស្ងោរ !!
ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ កងរាជអាវុធស្រុក អធិការនគរបាលស្រុក និងអាជ្ញាធរស្រុកអណ្ដូងមាស បានយកថវិការទៅជូនដល់ ក្រុមគ្រួសារសព គ្រាដែលសពបុរសរូបនេះ បានស្លាប់ ក្នុងករណីខ្យល់គ។
នៅវេលាម៉ោង៦.30នាទី ព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ បុរសម្នាក់បានខ្យល់គស្លាប់ នៅភូមិតាណង ឃុំតាឡាវ ស្រុកអណ្ដូងមាស បន្ទាប់ពីក្រុមគ្រួសារ បានដឹកយកទៅមណ្ឌលសុខភាព ដាច់ខ្លស្លាប់តាមផ្លូវ។
ជនរងគ្រោះ បាត់បង់ជីវិតក្នុងករណីនេះមានឈ្មោះ សំ ពូលី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មករស់នៅធ្វើកម្មករដកដំឡូងមីនៅចំការ ស្ថិតនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកអណ្ដូងមាស បានឲ្យដឹងថា ជនរង្គ្រោះ មានស្រុកកំណើតនៅភូមិដើមដូង ឃុំកំពុងឈូក ស្រុកកអណ្តែត ខេត្តតាកែវ ប្រពន្ធឈ្មោះ វ៉ន វី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ហើយគ្រួសារនេះ បាននាំគ្នា មករស់នៅ ភូមិ.ឃុំ កើតហេតុខាងលើ ដើម្បីធ្វើកម្មករសុីឈ្នួលដកដំឡូងមី អោយគេ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីជនរងគ្រោះ ព្រមទាំងគ្រួសារត្រឡប់មកពីដកដំឡូងមីវិញ ជនរងគ្រោះ មិនបានពិសារបាយទេ បែរជាផឹកស្រា ហើយហូបដំឡូងមីស្ងោរទៅវិញ រហូតដល់រំលងអាធ្រាត ជនរង្គ្រោះមានសភាពមិនស្រួល ប្រពន្ធគាត់ក៏បានកោសខ្យល់ឲ្យ ក៏ប៉ុន្តែជនរងគ្រោះ មានសភាពកាន់តែធ្ងន់ឡើងៗ រហូតដល់ភ្លឺ ក៏នាំគ្នាដឹកយកទៅមណ្ឌលសុខភាពស្រុកអណ្ដូងមាស តែអកុសល ទៅដល់មន្ទីរស្រុក ពេទ្យពិនិត្យទៅ ទើបដឹងថា ជនរងគ្រោះ បានផុតដង្ហើមមុនពេលមកដល់មណ្ឌលសុខភាពបាត់ទៅហើយ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសាកសព ព្រមទាំងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ។
ដោយឃើញក្រុមគ្រួសារ មានសភាពក្រីក្រ កងកម្លាំងប្រដាប់អាវុធក្នុងស្រុក ព្រមទាំងអាជ្ញាធរស្រុក បាននាំគ្នាយកថវិមួយចំនួនទៅជូនដល់ក្រុមគ្រួសារសព ដើម្បីចាត់ចែងពិធីបុណ្យសពនេះផងដែរ៕