ដំណោះស្រាយតាមផ្លូវងងឹត ដែលព្រះសង្ឃភូមានិមន្តមករូងភ្នំម្ដងទៀត
ប្រទេសថៃ ៖ ព្រះសង្ឃភូមាដែលកន្លងមក បានទាយត្រូវរឿងក្មេងៗជាប់នៅក្នុងរូងភ្នំកាលពីពេល កន្លងមក គឺបាននិមន្តទៅកាន់កន្លែងនោះម្តងទៀតហើយ ដើម្បីធ្វើការបន់ស្រន់ឱ្យក្មេងៗឆាប់ចេញមកវិញដោយសុវត្ថិភាព (នេះបើយោងតាមប្រភពពី សារព័ត៌មាន បាងកកប៉ុស្តិ៍)។ ក្រោយការរកឃើញក្មេងៗ គ្រប់គ្នាមានការសប្បាយរីករាយ ហើយមិនត្រឹមតែគិតដល់គុណរបស់អ្នកជួយសង្គ្រោះប៉ុណ្ណោះទេ គេក៏បានអរគុណដល់ព្រះសង្ឃភូមា ព្រះនាម Boonchum Yannasangwaloផងដែរ។
ព្រះតេជគុណ គឺជាសង្ឃតាំងសីលក្នុងព្រៃ ហើយគង់នៅវត្ត Phra That Don Ruang ក្នុងក្រុងពង្ស នៃរដ្ឋសានរបស់ភូមា។ ដំណើរត្រាច់ចររបស់ព្រះតេជគុណ ធ្វើឡើងនៅភាគខាងជើងនៃប្រទេសថៃ ភាគខាងជើងឆៀងខាងកើតប្រទេសភូមា និងភាគខាងជើងនៃប្រទេសឡាវ។ គេហៅព្រះតេជគុណថា ជា «សង្ឃនៃបីប្រទេស»។
នៅមុនពេលដែលព្រះតេជគុណនិមន្តមកកាន់រូងភ្នំ ដើម្បីធ្វើពិធីផ្លូវងងឹត មានស្ត្រីម្នាក់ឈ្មោះ Nattanuch Prasertong ដែលជាម្ចាស់ហាងនៅស្រុក Chiang Dao ខេត្ត Chiang Mai បានបង្ហោះសារចូលទៅក្នុងហ្វេសប៊ុក ដែលសរសេរថា នាងបានសុបិនឃើញបារមីមកប្រាប់ឲ្យនាងរកព្រះសង្ឃមកកាន់រូងភ្នំ ដើម្បីរំដោះកម្មដោះលែងក្មេងៗចេញមកបាន។ ស្ត្រីដែលជាម្ចាស់ហាងប្រាប់ថា នាងមិនចង់ល្បីអ្វីនោះទេ។ ម្យ៉ាងទៀត នាងក៏មិនជឿរឿងផ្លូវងងឹតបែបនេះដែរ ព្រោះតែនាងកាលមុន រស់នៅអាមេរិកយូរណាស់មកហើយ (នាងបង្ហោះ ព្រោះតែនាងចង់ជួយដល់ក្មេងៗ)។
នៅខណៈដែលក្រុមជួយសង្គ្រោះកំពុងធ្វើការស្វែងរកក្មេងៗ ព្រះតេជគុណ Boonchum បាននិមន្តមកដល់កន្លែងហើយប្រាប់គ្រប់គ្នាថា ពួកគេនឹងអាចរកឃើញក្មេងក្នុងពេល២ថ្ងៃទៀត។ ដោយសារតែសង្ឃដីកាមួយម៉ាត់នេះហើយ ធ្វើឲ្យម្តាយឪពុករបស់ក្មេងៗ និងក្រុមអ្នកជួយសង្គ្រោះកាន់តែមានកម្លាំងចិត្ត។ រយៈពេល២ថ្ងៃ ក្រោយសង្ឃដីការបស់ព្រះតេជគុណ ក្មេងៗពិតជាត្រូវគេរកឃើញមែន។ គ្រប់គ្នាមានការជឿជាក់លើព្រះសង្ឃភូមាមួយអង្គនេះមែនទែន។ នាពេលនេះ ព្រះតេជគុណបាននិមន្តមកបន់ស្រន់ដោះស្រាយតាមផ្លូវងងឹត ដើម្បីឲ្យក្មេងៗ និងអ្នកជួយសង្គ្រោះអាចចេញមកបានដោយសុវត្ថិភាព៕