ទោះជាមានការរឹតបន្តឹងយ៉ាងណាបទល្មើសព្រៃឈើនៅតែកើតមាន
ខេត្តស្ទឹងត្រែង÷ រថយន្តសាំយ៉ុងដឹកឈើកកោះមួយគ្រឿងនិងគោយន្តដឹកឈើសុក្រមមួយគោយន្តក្រោមការដឹកនាំផ្ទាល់ដោយលោកវីរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានដឹកនាំកម្លាំងចុះបង្ក្រាបភ្លាមៗចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់។
រថយន្តសាំយ៉ុងដឹកឈើនិងគោយន្តដឹកឈើត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបកាលពីវេលាម៉ោង ៩និង៣០ នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ រថយន្តសាំយ៉ុងបង្ក្រាបនៅចំណុចភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
ចំណែកគោយន្តដឹកឈើបានបង្ក្រាបនៅ នៅចំណុចភូមិគីឡូ ៨សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា រថយន្តសាំយ៉ុងដែលបង្ក្រាបជាប្រភេទរថយន្តដឹកអ្នកដំណើរពណ៌សពាក់ស្លាកលេខភ្នំពេញ២x ០៧៦៩បានធ្វើចរាចរណ៍ចេញពីចំណុចខាងលើហើយត្រូវបានកម្លាំងរបស់លោកពួនស្ទាក់ចាំបង្រ្កាបនិងបានធ្វើការរឹបអូសទាំងរថយន្តនិងគោយន្តដឹកឈើខុសច្បាប់យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តប្រគល់ទៅអោយជំនាញមេព្រៃ។
បន្ទាប់ពីមានការរឹតបន្តឹងពីគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើខេត្តយ៉ាងណាក្ដីមេឈ្មួញនៅតែរកល្បិចដឹកឈើរត់គេចទៅតាមផ្លូវកាត់ដើម្បីរួចផុតពីក្រញាំសមត្ថកិច្ច តែទោះជាយ៉ាងណាសមត្ថកិច្ចនៅតែធ្វើការបង្ក្រាបបានទាន់ពេលវេលា។
បច្ចុប្បន្នរថយន្តដឹកឈើនិងគោយន្តដឹកឈើត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើកំណត់ហេតុផ្ទេរប្រគល់ទៅអោយជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។
នៅក្នុងការបង្ក្រាបនេះដែរសមត្ថកិច្ចបានបញ្ជាក់ថាមិនត្រូវបានឃាត់ខ្លួនអ្នកពាក់ព័ន្ធណាម្នាក់នោះទេ នៅពេលបង្ក្រាបពួកគេបានរត់គេចខ្លួនបាត់អស់។ រីឯចំនួនឈើពិតប្រាកដជំនាញរដ្ឋបាលព្រៃឈើក៏មិនទាន់បានអោយដឹងថាមានចំនួនប៉ុន្មានដែរសមត្ថកិច្ចកំពុងតែធ្វើការវាស់វែងដើម្បីចាត់ការទៅតាមនីតិវិធី៕ដោយ សាវ័ន