ពិធីក្រុងពាលី តភ្ជាប់ព្រះកេសរូបបដិមាចតុមុខ
ខេត្តព្រះវិហារ ៖ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុមុខ ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ការរៀបចំពិធីថ្ងៃនេះ ជាលើកទី២ហើយ ដែលពីលើកទី១ លោកជំទាវកិត្តិសង្គហបណ្ឌិតបានអញ្ជើញក្រុងពាលីជួសជុល ឡើងវិញនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។ ដោយឡែកនៅថ្ងៃនេះចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញ មានរយៈពេលជិត៣ខែហើយ ដែលសំណង់បានរួចរាល់ប្រមាណជា៨០%។ ការជួសជុលឡើងវិញនេះ គឺជាការចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្វបុរសយើង បានបន្សល់ទុករហូតដល់បច្ចុប្បន្ន។
បើតាមលោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការចំណាយថវិការៀបចំជួសជុលឡើងវិញ នូវប្រាសាទចតុមុខ គឺជាស្នាដៃប្រវត្តិសាស្ត្រ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាមួយ ក្នុងចំណោមសមិទ្ធិផលច្រើន សន្ធឹកសន្ធាប់នៅទូទាំងប្រទេសនេះ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសសេសក្រុមអ្នកជំនាញក្រុមជាង ដែលបានខិតខំយកអស់កម្លាំងចិត្ត ក្នុងការចូលរួម ក្នុងដំណើរការជួសជុលនេះប្រព្រឹត្តទៅបានយ៉ាងរលូន ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារ ដើម្បីជាប្រយោជន៍ ដល់ពលរដ្ឋនៅតំបន់នោះ។
គួរបញ្ជាក់ផងដែរថា ប្រាសាទចតុម្មុខ ជាប្រាសាទមួយ ដែលស្ថិតនៅក្នុងប្រាសាទបាកាន (ហៅព្រះខ័នកំពង់ស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះមានរូបព្រះពុទ្ធទ្រង់ឈរបែរទល់ខ្នងគ្នាចំនួន៤ទិស និងកម្រឃើញ មានប្រាសាទ នៅតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះណាស់។ ប្រាសាទចតុមុខនេះ គឺមានអាយុកាលប្រហាក់ប្រហែល ទៅនឹងប្រាសាទអង្គរតូច ហើយប្រាសាទនេះ ក៏មានការកត់ត្រានៅអង្គការយូណេស្កូទៀតផង។ កត់ត្រាអំពីស្នាដៃដ៏អស្ចារ្យរបស់ខ្មែរអាយុ កាលរបស់ប្រាសាទ និងអ្នកដែលបានកសាងយ៉ាងលម្អិតរាប់តាំងពីរចនាបទជាដើម៕