អាសូរណាស់! ឈឺពោះឆ្លងទន្លេ តែទារកស្លាប់ក្នុងពោះ អកុសលស្លាប់ទាំងម្ដាយ
ខេត្តរតនគិរី÷ ស្ត្រីម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីឈឺពោះឆ្លងទន្លេ តែទារកស្លាប់ក្នុងពោះមុនសម្រាល ទើបបណ្តាលឲ្យស្លាប់ទាំងម្តាយ ហេតុការណ៍ននេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
នគរបាលបានឲ្យដឹងថា សពឈ្មោះ ចិត្ត កុឡាប អាយុ២១ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពព័ត៌មានពីក្រុមគ្រួសារ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្រ្តីជាជនរងគ្រោះឈឺពោះឆ្លងទន្លេ មានលក្ខណៈមិនប្រក្រតី ហើយក៏បានប្តីនិងសាច់ញាតិដឹកទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ពេលទៅដល់ ពេទ្យពិនិត្យដឹងថា ទារកបានស្លាប់ក្នុងពោះ ក៏ចាក់ថ្នាំឲ្យសពទារកកើត។ ពេលសម្រាលរួច សុខភាពរបស់ម្តាយចុះខ្សោយ (មានប្រវត្តិជំងឺក្រពេះ) បាយទឹកមិនបាន ក៏បានស្លាប់នៅថ្ងៃម៉ោងកើតហេតុខាងលើ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ឃុំសេដា បានធ្វើកំណត់ហេតុប្រគល់សព ជូនប្តីនិងសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក លោក ហ៉ីងផាន សគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត សារព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី៥មករានេះ៕ដោយ សាវ័ន