បុរសម្នាក់ ជិះម៉ូតូលឿនមិនបានប្រយ័ត្នដួលខ្លួនឯងរបួសធ្ងន់
ខេត្តរតនគិរី÷ បុរសម្នាក់ បានរងរបួសធ្ងន់ ខណ:ជិះម៉ូតូក្នុងល្បឿនលឿនបានជ្រុលចង្កូតដួលដោយខ្លួនឯង។
ករណីគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមុខវាលស្រែជ្រៃ លើកំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រ២៨៨- ២៨៩ ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់។
នគរបាលស្រុកលំផាត់បានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះ សៀង សុខហេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុមហ៊ុនខេសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី រងរបួសធ្ងន់។ ជិះម៉ូតូ១គ្រឿងម៉ាកឆ្លាម ពណ៌ខ្មៅ អត់ស្លាកលេខបើកបរពីជើងទៅត្បូង។
នគរបាលបន្តថា មូលហេតុអ្នកបើកបរម៉ូតូខាងលើ ខណ:បើកបរក្នុងល្បឿនយ៉ាងលឿនដល់ត្រង់ចំណុចផ្លូវកោងនិងមានជង្ហុកផងនោះក៏បណ្តាលឲ្យដួុលខ្លួនឯងបោកទៅហ្នឹងផ្លូវថ្នល់តែម្តង។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ឃុំល្បាំង១ បានចុះពិនិត្យកន្លៃងកើតហេតុនិងដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាមរថយន្តសង្គ្រោះរបស់ការិយាល័យនគរបាលចរាចរណ៍ខេត្ត។
ដោយឡែកម៉ូតូ១គ្រឿង ត្រូវនគរបាលប៉ុស្តិ៍ល្បាំង១បានប្រគល់ទៅឲ្យសាច់ញាតិជនរងគ្រោះរួចរាល់ហើយដែរ៕ដោយ សាវ័ន