សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន
ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ(វិធីញុះញុង់)ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៤ និង២០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចតូបឥស្លាមលក់សាច់គោក្នុងផ្សារក្រុងបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
បើតាមការឲ្យដឹងពីមន្ត្រីនគរបាលគ្រឿងញៀនបានឲ្យដឹងថា ក្នុងនោះដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងដោយមានការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការឆែកឆេរផ្ទះរបស់មុខសញ្ញាស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីរកឃើញជញ្ជីងថ្លឹងចំនួន១ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។ រួចក៏បន្តទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យមួយកន្លែងផ្សេងទៀតស្ថិតក្នុងភូមិជ្រី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រកឃើញថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ និងសម្ភារៈសេពថ្នាំញៀនមួយចំនួនទៀតោងដែរ។
មន្ត្រីនគរបាលបានបន្តថា ជនសង្ស័យឈ្មោះ យូ សុភ័ក្រ្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិឥស្លាមក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផល អវិជ្ជមាន(-)។
ក្នុងនោះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់មានទម្ងន់០.៣៥ក្រាមទាំងសំបកថង់ ទូរស័ព្ទដៃ២ គ្រឿង
ដែកកេះ៧ ដើម ម៉ូតូ១ គ្រឿង ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ
និងលុយខ្មែរ៥០,០០០រៀល(លុយញុះញង់) សម្ភារៈសេពមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញបន្តកសាងសំណុំរឿងដើម្បីបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ដោយ សាវ័ន