ឡើងលើរូបសំណាកសេរីភាពនៅញូវយ៉ក ក្រោយការចាប់ខ្លួនមនុស្សមួយចំនួន
សហរដ្ឋអាមេរិក ៖ មនុស្សជាច្រើនដែលបានចងព្យួរបដាមួយនៅជើងទ្ររូបសំណាកសេរីភាពនៅក្រុងញូវយ៉កដែលអំពាវនាវអោយរំលាយចោលទីភ្នាក់ងារអន្តវត្តន៍ច្បាប់អន្តោប្រវេសន៍ដ៏សំខាន់របស់រដ្ឋាភិបាលអាមេរិកនោះ ត្រូវបានចាប់ឃាត់ខ្លួនមុនពេលមនុស្សម្នាក់បានវារឡើងលើរូបសំណាកសេរីភាព ជាហេតុបង្ខំអោយសមត្ថកិច្ចធ្វើការជម្លៀសមនុស្ស។ ស្ត្រីដែលពាក់អាវដាក់អក្សរថាRise and Resist(ងើបឡើងនិងតស៊ូប្រឆាំង)បានវារឡើងបាតរូបសំណាកនេះកាលពីថ្ងៃ៤កក្កដា។
រូបភាពថតពីឧទ្ធម្ភាគចក្របង្ហាញអ្នកឡើងបានអង្គុយនៅក្រោមរ៉ូបរូបសំណាកកំពស់៣០ម៉ែត្រនេះអស់ពេលជាង២ម៉ោង។ប៉ូលិសឈរនៅជណ្តើរនិងគែមរូបសំណាកខណៈព្យាយាមនិយាយបញ្ចុះបញ្ចូលអោយអ្នកឡើងរូបនេះចុះមកវិញ។ ភ្ញៀវទស្សនាតំបន់នេះក៏ត្រូវបានជម្លៀសនៅមុនម៉ោងបិទទទួលភ្ញៀវនៅម៉ោង៦:១៥ល្ងាច។ ស្ត្រីរូបនេះបានវារឡើងជើងក្រោមនៃរូបសំណាកសេរីភាពអាមេរិក បន្ទាប់ពីការការតវ៉ានិងបង្ហាញបដាសរសេរថា#AbolishICEដែលទាមទារអោយបិទទីភ្នាក់ងារអន្តោប្រវេសន៍និងគយ(ICE)ដែលជាអង្គភាពមួយក្រោមក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក ដោយសារតែការអនុវត្តន៍គោលនយោបាយបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានត្រាប្រណីពីសំណាក់រដ្ឋាភិបាលត្រាំ។
មុននោះមានការចាប់ខ្លួនមនុស្សយ៉ាងតិច៦នាក់ដោយសារតែការត្រដាងបដានេះ។ ទោះជាឧបទ្ទវហេតុទាំងពីរនេះបានកើតឡើងដំណាលគ្នា ក៏ក្រុមសកម្មជនRise and Resistដែលនៅពីក្រោយបដាបានសរសេរបង្ហោះថាអ្នកឡើងរូបសំណាកនេះមិនពាក់ព័ន្ធនឹងបាតុកម្មរបស់ខ្លួននិងក៏បានសម្តែងការបារម្ភអំពីសុវត្ថិភាពរបស់អ្នកឡើងរូបនេះដែរ។ ក្រុមដែលមានមូលដ្ឋាននៅញូវយ៉កនេះប្រឆាំងនឹងការអនុវត្តគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋការលោកដូណាល់ ត្រាំ និងគាំទ្រអោយបញ្ចប់ការចាប់បញ្ជូនខ្លួនព្រមទាំងការបំបែកសមាជិកគ្រួសារជនអន្តោប្រវេសន៍នៅព្រំដែនអាមេរិក-ម៉ិកស៊ិច។ ព័ត៌មានចុងក្រោយបានអោយដឹងថា ស្ត្រីដែលឡើងរូបសំណាកនេះត្រូវបានប៉ូលិសនាំចុះមកក្រោមវិញ ហើយតែត្រូវបានចាប់ឃាត់ ខ្លួននៅថ្ងៃពុធទី៤កក្កដា៕