សមត្ថកិច្ចបង្ក្រាបករណីចាប់ជំរិតជនជាតិថៃចំនួន២នាក់

ខេត្តព្រះវិហារ÷ កម្លាំង​​នគបាលនៃស្នងការដ្ឋានខេត្តព្រះវិហារធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ត្រូវជាប់ពាក់ព័ន្ធ​ករណីបង្ខាំងមនុស្សជនជាតិថៃចំនួន២នាក់ដើម្បីជំរិតទាប្រាក់។

ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះបានធ្វើឡើង​​នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជំរិតទាប្រាក់ទាំង៥នាក់នេះ ​ក្រោមការចង្អុលណែនាំ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ និង​នាយឧត្តសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ។

លោកស្នងការ បាន​រៀបរាប់ពីដំណើ​ររឿងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨​ ស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់​ បានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងបាងកក មកចុះនៅព្រលានយន្តហោះខេត្តសៀមរាប។ ក្រោយស្ត្រីរងគ្រោះចុះពីលើយន្តហោះ ក៏មានរ៉ឺម៉កកង់បីដឹកចេញពីព្រលាន​យន្តហោះ ដែលមាន​រថយន្តមួយគ្រឿង ចាំទទួលយកមកទីតាំងកើតហេតុនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតែម្តង។

ក្រោយមកក្រុមជនសង្ស័យទាំង៥នាក់នេះ បានបង្ខំឲ្យស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់នេះ ទូរស័ព្ទទៅក្រុមគ្រួសារនៅប្រទេសថៃឲ្យផ្ទេរប្រាក់ជាថ្នូរ និងការដោះលេង។បន្ទាប់ពីស្ត្រីជនជាតិថៃទាំងពីរនេះ ប្រាប់ក្រុមគ្រួសារ និងផ្ញើ​រូបភាពទៅឲ្យក្រុមគ្រួសារមើល ក្រុមគ្រួសាររងគ្រោះក៏ប្តឹងមកស្ថានទូតថៃប្រចាំ​កម្ពុជាហើយស្ថានទូតថៃ​ប្តឹងបន្តមកអគ្គស្នងការនគរបាលជាតិ ទើបបំបែកបានសំណុំរឿងនេះ។

លោកឧត្តមសេនីយ៍ទោយិន ចំណាន បានបន្ថែមថាបន្ទាប់ពីទទួលបានការណែនាំពីអគ្គស្នងការដ្ឋាននគរបាលជាតិកម្លាំងនគរបាលខេត្តព្រះវិហារប្រមាណ៤០នាក់ បានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃ​ក្នុងបានចុះទៅដល់ទីតាំងខាងលើនិងធ្វើការឡោមព័ទ្ធទីតាំងខាងលើមួយយប់ទល់ភ្លឺ រហូតទទួលបង្ក្រាបបានជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យ​​៥នាក់ព្រមទាំងដកហូតសម្ភារមួយចំនួននិងរំដោះនារីជនជាតិថៃ​បានដោយសុវត្ថិភាព។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងមានថ្នាំញៀនជិត៣គីឡូក្រាមអាវុធAKបត់១ដើមគ្រាប់៣០គ្រាប់និងសំភារៈផ្សេងទៀតជនសង្ស័យទាំង៥នាក់និងនារីជនជាតិថៃត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង