មន្ត្រីអង្គការឃែរ៍ម្នាក់ជិះម៉ូតូទៅបុកកង់ក្មេងស្រីម្នាក់រងបួសធ្ងន់
ខេត្តរតនគិរី÷ ម៉ូតូមន្ត្រីអង្គការឃែរ៍បុកក្មេងស្រីម្នាក់ខណ:កំពុងជិះកង់បណ្តាលឲ្យរងរបួសធ្ងន់ដោយសារបើកបរម៉ូតូមិនបានប្រុងប្រយ័ត្ន។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃច័ន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រង់និងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅចំនុចសាលារៀន លើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់បង្កោលលេខ២៨៣-២៨៤ ស្ថិតក្នុងភូមិព្រួុក ឃុំបាតាង ស្រុកលំផាត់។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ម៉ូតូបង្កមួយគ្រឿង ម៉ាក់ហុងដាទ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG-១៥១-១០៧ អ្នកបើកបរម៉ូតូ ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការឃែរ៍ មានទីលំនៅភូមិទេសអន្លង់ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី របួុសស្រាល។ចំណែកអ្នករួមដំណើរម្នាក់ឈ្មោះ ហៀង អាមុយ ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្សមានទីលំនៅជាមួយគ្នា របួសធ្ងន់បែកថ្ងាស។រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ហៀង អាមួុយ អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី របួុសធ្ងន់បាក់ភ្លៅឆ្វេង។
មន្ត្រីនគរបាលបន្តថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកជិះម៉ូតូមិនបានប្រុងប្រយ័ត្ននៅកន្លែងសាលារៀនទើបបណ្តាលឲ្យបុកកង់ក្មេងស្រីពីក្រោយរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដឹកបញ្ជូនអ្នកក្មេងស្រីរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែកម៉ូតូ និងកង់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកលំផាត់ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ សាវ័ន