បេនីយ៉ាំងចំអកឲ្យអាចារ្យធំ កុំទើសរឿងនាង
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាបេនីយ៉ាំង និងអាចារ្យធំបានប៉ះសម្ដីគ្នា បន្ទាប់ពីអាចារ្យធំរិះគន់រូបភាពដ៏សិចស៊ីរបស់នាងដែលបានបង្ហោះតាមហ្វេសប៊ុក ។ រូបភាពប៉ុន្មានសន្លឹករបស់បេនីយ៉ាំង បង្ហាញពីភាពសិចស៊ីដូចអ្វីដែលនាងធ្លាប់ធ្វើកន្លងមក ត្រូវអាចារ្យធំ វាយប្រហារថាធ្វើឲ្យខូចតម្លៃស្ត្រី ។
ថ្មីៗ កន្លងមកអាចារ្យធំបានបង្ហោះសារថា «អាសូរតម្លៃនៃភាពថ្លៃថ្នូរស្ត្រីដូចនេះ ក្រៅពីស្រាតតើនៅមានវិធីណាអាចល្បីបានទេ មើលហើយសុំកុំកើតតណ្ហាទៅរំលោភក្មេងស្លូតត្រង់ណា ខ្ញុំសូមអង្វរ »។ពាក្យសម្តីផ្លែផ្កា និងរិះគន់របស់អាចារ្យធំនោះ តារាសម្តែងបេនីយ៉ាំង បានឆ្លើយតបទៅវិញដោយនាងបានចាត់ទុករូបភាពសិចស៊ីដែលនាងបានបង្ហោះជាសិទ្ធិរបស់នាងប៉ុណ្ណោះ។
តាមរយៈសារដែលនាងបានបង្ហោះបញ្ជាក់ថា «អ្នកគ្រប់គ្នាដឹងទេថាប៉ុន្មានរូបដែលខ្ញុំផុសនេះតើខ្ញុំចង់បានន័យថាម៉េច ? ខ្ញុំប្រាប់ រូបថតរបស់ប្អូន ខ្លួនប្អូន អ្វីៗជារបស់ប្អូន ប្អូនពុំបានរុករានឬថតលើក្បាលបងឯណា បងកុំបាច់ចោទ ឬឆ្ងល់ជាសំនួរអីរឿងប្អូន ខ្វល់រឿងរកលុយចូលផ្ទះ ឬរកអង្ករដាក់ឆ្នាំងផ្ទះបងទៅ ។
ខ្ញុំមិនខ្វល់នរណាមិនចូលចិត្តខ្ញុំនៅពេលខ្ញុំសិចស៊ី ទោះជ្រុលសិចស៊ីពេក ក៏ខ្ញុំនៅតែចង់ផុសព្រោះជារូបខ្ញុំ ។ ខ្ញុំមានអ្វីជារបស់ខ្លួនខ្ញុំប្រាកដ ខ្ញុំសិចស៊ីតែខ្ញុំ មានរបររកស៊ីថ្លៃថ្នូរត្រឹមត្រូវ ខ្ញុំពុំបានលក់ខ្លួន យកប្ដីអ្នកណា ជេរថាម្ដាយ ឳពុកអ្នកណា រុករាននរណាដែលពុំនាំក្ដៅក្រហាយមកឲ្យខ្ញុំ… ហើយខ្ញុំមានពេលទំនេរខ្ញុំតែងតែធ្វើឲ្យខ្លួនខ្ញុំសប្បាយចិត្ត ខ្ញុំចង់ជួយអ្នកណាខ្ញុំទៅជួយអ្នកនោះ ខ្ញុំចង់ចេញក្រៅប្រទេសខ្ញុំក៏ហោះទៅភ្លាម ខ្ញុំចង់កែសម្ផស្សខ្ញុំអាចហោះទៅគ្រប់ពេលដែលខ្ញុំចង់ ដោយពុំចាំបាច់សុំអ្នកណាទេព្រោះខ្ញុំរស់នៅឯករាជ្យលើជីវិតរបស់ខ្ញុំ។
ផ្ទះក៏របស់ខ្ញុំ ឡានក៏របស់ខ្ញុំ ហាងនោះក៏របស់ខ្ញុំ មិនមែនលុយស្មោកគ្រោគអ្នកណា ឬបោកប្រាស់គេទេ…អ៊ីចឹងហើយខ្លួនខ្ញុំមានសិទ្ធិធ្វើអ្វីដែលខ្ញុំចង់បាន និងចង់ធ្វើវា អ្នកណាក៏ដោយមិនចូលចិត្តកុំមកប៉ះពាល់លើជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ សូមប្រាប់ឲ្យច្បាស់ថាខ្ញុំនៅតែជាខ្ញុំ។ ខ្ញុំពុំបានប្រែជាអ្នកណាសម្រាប់អ្នកណាទេ» ។
ឆ្លើយតបទៅកាន់បេនីយ៉ាំង វិញ អាចារ្យធំថា «បាទអាបងដឹងហើយពៅ ! មិនទើសក្បាលអាបងទេ បងមិនខ្ចីឈឺក្បាលទេ ! បើប្អូនពៅម្នាក់នេះស្រាតជារឿងឯកជនខ្លួនឯង មិនបង្ហោះអាវ៉ាសែ នាំថោកទាបដល់ភាពថ្លៃថ្នូរនៃតម្លៃស្ត្រីខ្មែរទូទៅក្នុងបណ្ដាញសង្គមដូចនេះ។
ស្រាតជាសិទិ្ធរបស់ប្អូន តែបើស្រាតបង្ហោះជាសាធារណៈបែបនេះ គឺវាប៉ះសិទ្ធិសង្គមជាតិនៃគំរូវប្បធម៌ខ្មែរដ៏ស្អាតស្អំមួយនេះហើយ ។ មួយវិញទៀត អរគុណដែលប្អូនបានដាស់តឿនឲ្យបងខំប្រឹងរកអង្ករច្រកឆ្នាំងដើម្បីរស់ ។ តែអាបងចង់ប្រាប់ថា បងអត់បានសុំបាយម៉ែអូនស៊ីទេណា»៕