កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបង្រ្កាបបានរថយន្ត សាំយ៉ុងលួចដឹកឈើប្រណិត ខុសច្បាប់ចំនួន២គ្រឿង

ខេត្តរតនគិរី÷ រថយន្តសាំយ៉ុងចំនួន២គ្រឿងលួចដឹកឈើប្រណិតខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវដឹកនាំដោយលោក សុឹម លីន អភិបាលរងស្រុក ចុះធ្វើការបង្រ្កាបបាន កាលពីវេលាម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បើតាមសមត្ថកិច្ចដែលចុះទៅបង្រ្កាបបានប្រាប់ឲ្យដឹងថា
រថយន្តលួចដឹកឈើប្រណិតខុសច្បាប់ទាំង២គ្រឿងខាងលើ
ទី១ ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២D-២០៤៧ ដោយផ្ទុកឈើប្រណិតប្រភេទធ្នង់ចំនួន ៧០៥kg និងឈើសុក្រំចំនួន ០,៣៦៨ម៉ែត្រគូប។និងរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២A-០១៥៩ បានផ្ទុកឈើប្រណិត ប្រភេទធ្នង់ចំនួន ២៣៥kg និងឈើសុក្រំចំនួន ០,៣៥៣ម៉ែត្រគូប។

សមត្ថកិច្ចបានឲ្យដឹងទៀតថារថយន្តទាំង២គ្រឿងខាងលើនេះ
បានធ្វើចរាចរណ៍ដឹកឈើតាមផ្លូវជាតិលេខ៧៨ដោយឆ្លងកាត់ស្រុកអូរយ៉ាដាវយកទៅលក់នៅប្រទេសវៀតណាមប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវដែលដឹកនាំដោយ លោក សុឹម លីន ចុះធ្វើការបង្រ្កាបបានតែម្តង និងរឹបអូសយករថយន្តទាំង២គ្រឿងនេះមក
ប្រគល់ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្តតាមនិតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាហេតុដែលកម្លាំងចម្រុះលោកធ្វើការបង្រ្កាបរថយន្តទាំង២គ្រឿងនេះបានដោយសារមានការចង្អុលបង្ហាញពីលោកអភិបាលស្រុក ជាពិសេសលោក ថង សាវុន អភិបាលខេត្តបញ្ជាយ៉ាងដាច់ខាតធ្វើយ៉ាងណាត្រូវបង្រ្កាបឲ្យបានរាល់បទល្មើសទាំងអស់ជាពិសេសគឺបទល្មើសព្រៃឈើឆ្លងដែនរួមនិងមានការរាយការណ៍ពីកម្លាំងសម្ងាត់ថាមានរថយន្តលួចលាក់ដឹកឈើប្រណិតខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវជាតិលេខ៧៨ឆ្លងកាត់ស្រុកអូរយ៉ាដាវដោយបន្លំភ្នែកសមត្ថកិច្ចថាជារថយន្តឈ្នួល
និងរថយន្តដឹកទំនិញតែមិនអាចបំភណ្ឌភ្នែកបានក៏ត្រូវសមត្ថកិច្ច
ធ្វើការបង្រ្កាបបានតែម្តងទៅ។

សូមបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើនៅខេត្តរតនគិរីភាគច្រើនគឺក្រុមឈ្មួញប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចនិងអ្នកសារព័ត៌មានដោយរថយន្តដឹកឈើទាំងនោះបន្លំជារថយន្តដឹកទំនិញ ដឹកបន្លែ និងរថយន្តផ្សេងៗផងដែរ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង