iPhone ស៊េរីក្រោយ ប្រហែលធ្លាក់លែងបែកទៀតហើយ
បច្ចេកវិទ្យា ៖ ការធ្លាក់ទូរស័ព្ទកើតឡើងគ្រប់ពេលចំពោះមនុស្សគ្រប់រូបចៀសមិនរួចទេ ព្រោះខ្លះកំពុងជក់ចុច Instagram ឬ ភ្លេចខ្លួនគ្រវាសដៃធ្វើឱ្យធ្លាក់ទូរស័ព្ទពីលើតុក៏មាន។ សំណាងល្អ ក្រុមហ៊ុន Apple ហាក់ដូចជាបានរកឃើញដំណោះស្រាយដើម្បីទប់ស្កាត់កញ្ចក់ iPhone កុំឱ្យបែក។
ក្រុមហ៊ុន Apple កំពុងពិចារណាបន្ថែមនូវ “ប្រព័ន្ធស្រូបយករំញ័រឆ្លាត” នៅក្នុងម៉ូដែល iPhone ថ្មីៗស៊េរីក្រោយនេះ ដើម្បីការពារអេក្រង់កុំឱ្យបែក សូម្បីតែនៅពេលគ្មានសំបកការពារលើទូរស័ព្ទក៏ដោយ។ប្រព័ន្ធស្រូបយករំញ័រឆ្លាតនេះត្រូវបានរចនាឡើងដើម្បីលៀនចេញនូវឧបករណ៍ទប់ការពារទូរស័ព្ទ iPhone មុនពេលវាធ្លាក់ដល់ដីដើម្បីកាត់បន្ថយនិងទប់ស្កាត់ការខូចខាតណាមួយ។
ក្រុមហ៊ុន Apple បានរៀបរាប់លម្អិតអំពីយុទ្ធសាស្ត្រនេះក្នុងព័ត៌មានថ្មីរបស់ខ្លួនក្នុងបណ្ណប៉ាតង់ដែលខ្លួនតម្កល់នៅការិយាល័យប៉ាតង់និងស្លាកយីហោសហរដ្ឋអាមេរិកដែលមានចំណងជើងថា “វិធានការទប់ទល់ការធ្លាក់សម្រាប់ឧបករណ៍អេឡិចត្រូនិក”៕