វរៈសេនិយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សំដែងការសោកស្តាយនិងសូមស្រាយបំភ្លឺចំពោះការលេចលឺព័ត៍មានមិនពិត

ភ្នំពេញ៖ យោងតាមហ្វេសបុករបស់អធិការនគរបាលខណ្ឌដូនពេញ លោកវរៈសេនិយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានសំដែងការសោកស្តាយជាខ្លាំង ចំពោះសារព័ត៍មានមួយចំនួន ដែលបានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី 18 នឹងថ្ងៃទី 19 ខែធ្នូ ឆ្នាំ2018 លើខ្លឹមសារស្រដៀងៗគ្នាក្រោមចំណងជើងថា ” ខ្លាំងមែន លោក ទៀង ច័ន្ទសារ អធិការខណ្ឌដូនពេញ យកកម្លាំងស៊ីវិលគ្មានក្របខណ្ឌ មកប្រើប្រាស់ជំនួសសមត្ថកិច្ច ដើម្បីប្រមូលផលប្រយោជន៍ជូនលោក ” ។

អធិការនគរបាលខណ្ឌដូនពេញ លោកបានបកស្រាយបំភ្លឺចំពោះព័ត៌មានដែលផ្សព្វផ្សាយនោះ ដោយបំភ្លឺគោរពជម្រាបជូនថ្នាក់ដឹកនាំ និងសាធារណៈជន មេត្តាជូនជ្រាប ៖

ក្នុងនាមលោក ជាថ្នាក់ដឹកនាំ មានតួនាទីជាអធិការដឹកនាំអធិការដ្ឋាន និងជាកងកម្លាំងអនុវត្តច្បាប់ លោក ពុំបានប្រព្រឹត្ត នូវទង្វើអសកម្ម ល្មើសនឹងច្បាប់ដូចដែលសារពត៌មានបានចុះផ្សាយនោះឡើយ ក្នុងករណីមានការប្រព្រឹត្តបទល្មើសណាមួយ ផ្ទុយនឹងច្បាប់ លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់ ។

លោកបានបញ្ជាក់ទៀតថា ក្នុងខ្លឹមសារដែលព័ត៌មានបានចុះផ្សាយនោះ សូមអោយបង្ហាញអំពីជនរងគ្រោះ ជាប្រជាពលរដ្ឋ ដែលទទួលរងនូវការខូចខាតទ្រព្យសម្បត្តិ ឬផលប្រយោជន៍ ដោយការប្រព្រឹត្តរបស់លោក ក្នុងពេលវេលាកំពុងដឹកនាំលើការងារក្នុង ជីវភាពជានគរបាលជាតិ ប្រចាំថ្ងៃ ។

ដោយឡែកខ្លឹមសារដែលថា អធិការខណ្ឌដូនពេញ ប្រើប្រាស់ កម្លាំងស៊ីវិល គ្មានក្របខណ្ឌ ជំនួសសមត្ថកិច្ចនោះ ក៏ពុំមានដែរ ដោយក្នុង ចំណាត់ការ លើការងារឯកសារជំនាញ ឬនីតិវិធីជំនាញ អាជ្ញាធរមានសមត្ថកិច្ច រីករាយ នឹងទទួលគ្រប់ពេលវេលា ចំពោះបងប្អូនប្រជាពលរដ្ឋ និស្សិត មន្ត្រីរាជការ ដែលស្ម័គ្រចិត្ត ក្នុងការចូលរួមផ្តល់ព័ត៌មាន មកអាជ្ញាធរ មានសមត្ថកិច្ច ដែលនេះ គឺជា កិច្ចសហការ ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ដើម្បីលុបបំបាត់ភាពអសកម្មក្នុងសង្គម ដែលប្រជាពលរដ្ឋទូទាំងប្រទេស គ្រប់តំបន់ ស្រលាញ់សន្តិសុខ ដែលប្រទេសជាតិ កំពុងទទួលបាន សុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្ថែមទៀតថា ក្នុងនាមលោកផ្ទាល់ ជំនួសមុខអោយ អធិការដ្ឋាន ប៉ុស្តិ៍ទាំង11 សូមសំណូមពរដល់អ្នកសារព័ត៌មាន រាល់ការចុះផ្សាយ សូមបំពេញវិជ្ជាជីវៈពិតប្រាកដ ជៀសវៀងការផ្សាយព័ត៌មានគ្មានឯកសារ ឬគ្មានការពិត នាំអោយប៉ះពាល់ ដល់តម្លៃរបស់បុគ្គលណាមួយ ឬធ្វើអោយប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័នរដ្ឋ ក្នុងករណីចាំបាច់ ដែលលោកនៅតែបន្តរងនូវអំពើអយុត្តិធម៌ លោកនឹងអនុវត្តហើយបំពេញតាមផ្លូវច្បាប់ ។

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរអរគុណ ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការជួយដល់សង្គម ដើម្បីលុបបំបាត់គ្រប់បទល្មើស លោកត្រៀមជានិច្ចចំពោះការផ្តល់ និងរង់ចាំទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ និងប្តេជ្ញាចិត្តបំរើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ឬតំរូវការ កម្មវត្ថុ ជាថ្នូរនឹងផលប្រយោជន៍ឡើយ បន្ថែមពីនោះ លោកនឹងមិនទុកអោយជនប្រព្រឹត្តបទល្មើសនៅឯករាជ្យដោយមិនមានការស្រាវជ្រាវបង្ក្រាបពីកម្លាំងមានសមត្ថកិច្ចរបស់លោកឡើយ ។

លោកបន្តថា ប្រជាពលរដ្ឋទាំងពីរភេទ គ្រប់វ័យ មានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់បណ្តឹងទៅគ្រប់ស្ថាប័នលើការប្រព្រឹត្តបទល្មើសណាមួយពីបុគ្គលណាម្នាក់ ឬជាក្រុម ដើម្បីទាមទារ រកយុត្តិធម៌តាមផ្លូវច្បាប់ ។

ជាចុងក្រោយ លោក វរៈសេនិយ៍ឯក ទៀង ច័ន្ទសារ អធិកានគរបាលខណ្ឌដូនពេញ បានគោរពថ្លែងអំណរគុណ និងជូនពរថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ទទួលបានសុខភាព និងភាពជោគជ័យក្នុងមុខរបរជានិរន្តន៍៕

អត្ថបទដែលជាប់ទាក់ទង