ជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកបណ្តាលឲ្យរបួសធ្ងន់២នាក់
ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូមួយគ្រឿងជិះទៅបុករថយន្តសាំយ៉ុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់បានផ្លោង៥ ម៉ែត្ររងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចផ្លូវបំំបែកជាបួន ទល់មុខស្ថានីយ៍ប្រេង(លីណា) ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
បើតាមសាក្សីដែលឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងជិះដោយមនុស្សប្រុសស្រី២នាក់ក្នុងទិសដៅពីជើងទៅត្បូង ខណ:នោះដែរមានរថយន្តសណ្តោងរម៉កមិនស្គាល់ម៉ាកមួយគ្រឿងបានបើកបរពីកើតទៅលិចបានឆ្លងផ្លូវជាតិ មិនទាន់ផុតកន្ទុយផងនោះ ស្រាប់តែម៉ូតូបានជែងនិងកន្ទុយសណ្តោងរម៉កនៃរថយន្តជ្រុលទៅផ្លូវអាទិភាពរបស់រថយន្តសាំយ៉ុងកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងទៅជើងបានបុកយ៉ាងពេញទំហឹងតែម្តង។
លោក សួន សាវុធ នាយប៉ុស្តិ៍សង្កាត់កាចាញបានឲ្យដឹងថា រថយន្ដមួយគ្រឿងម៉ាកសាំយ៉ុងពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ2R.7064 បើកបរដោយឈ្មោះ ជិន ជ្រឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិតាអង១ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី រថយន្តបានរងការខូចខាតផ្នែកខាងស្តាំមុខ។
លោកបានបន្តថា ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1A.4426 បើកបរដោយឈ្មោះ ទីង សែន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិទំពួន មុខរបរអនុប្រធានភូមិ បានរងរបួសធ្ងន់បាក់ម្រាមដៃខាងស្តាំ បានពាក់មួកសុវត្ថិភាព។ រីឯអ្នករួមដំណើរឈ្មោះ សែន អយ ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស ត្រូវជាកូន រងរបួសធ្ងន់ បែកក្បាលជង្គង់ខាងស្តាំ ពាក់មួកសុវត្ថិភាព។ ទាំង២នាក់មានទីលំនៅភូមិសើុង ឃុំសើុង ស្រុកបរកែវ ខេត្តរតនគិរី។
លោកថា ដោយឈ្មោះ ទីង សែន “ត្រូវជាឪពុក”បានដឹកកូនទៅឲ្យលោកស្រោចទឹកនៅវត្តអូរចេងមិនទាន់ដល់វត្តផងក៏ត្រូវរថយន្តបុកបែកក្បាលជង្គុងតែម្តង។ នេះដោយសារអ្នកទាំង២បានពាក់មួកសុវត្ថភាពមិនមានការប៉ះពាល់ដល់ក្បាលនោះឡើយ ហើយថែមទាំងលោកក៏បានពិការជើងខាងស្តាំទៀតផង។
ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ធ្វើការវាស់វែងនិងទំនាក់ទំនងទៅរថយន្តសង្រ្គោះនៃស្នងការនគរបាលខេត្តដឹកបញ្ជូនអ្នករងរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែកមធ្យោបាយទាំង២គ្រឿងត្រូវបាននគរបាលចរាចរណ៍រឹបអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ សាវ័ន