សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតថ្នាំWy ១៤០០គ្រាប់និងសារធាតុញៀនមួយចំនួនធំ
ខេត្តរតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(វិធីញុះញង់)ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ។
ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នៅចំណុចផ្ទះមុខសញ្ញា ស្ថិតនៅភូមិតាវែងលើ ឃុំតាវែងលើ ស្រុកតាវែង ។
មន្ត្រីនគរបាលចុះបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើស និងដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្នុងនោះមានកម្លាំងជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងយោធាស្រុកនិង កម្លាំងប៉េអឹមស្រុកតាវែង បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៣ថង់ធំនិងWy១ថង់ធំ ។
មន្ត្រីនគរបាលបានបន្តទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមមាន៖
ទី១-ឈ្មោះ តាំង សុធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។
ទី២-ឈ្មោះ ហូយ សុថៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
ទី៣-ឈ្មោះ នួន វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។
ទី៤-ឈ្មោះ អូន ឆេន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។
ក្នុងនោះដែរក្រោយពីបានឃាត់ខ្លួនជនសង្ស័យបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)៣នាក់ អវិជ្ជមាន(-)១នាក់។
សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៣ថង់ធំ និង១កញ្ចប់តូច
ទម្ងន់២៨០.៣៣ក្រាមទាំងសំបកថង់
២- WYចំនួន៧ថង់ ស្មើរនិង ១៤០០គ្រាប់
៣- ដាវសាំម៉ូរៃ១ដើម
៤- ម៉ូតូ៣គ្រឿង
៥- ទូរស័ព្ទដៃ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕ដោយ សាវ័ន