សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម គ្រីស្ទាន​ រ៉េរ៉េន បាហ្គេតតូ ( Christian Rehren Bargetto ) ឯកអគ្គរដ្ឋទូត​ តែងតាំងថ្មី​ នៃសាធារណរដ្ឋឈីលី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

ភ្នំពេញ​ ៖ នាល្ងាចថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង​ ១៦:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម គ្រីស្ទាន​ រ៉េរ៉េន បាហ្គេតតូ ( Christian Rehren Bargetto ) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឈីលី ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក) ចូលជួបសវនាការសម្ដែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានតែងតាំងជា​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចភក្តី បានថ្លែងស្វាគមន៍ និង អបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំនៅកម្ពុជា។ សម្តេចសំដែងនូវជំនឿជឿជាក់ថា បេសកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ពិតជានឹងបានរួមចំណែកក្នុងការពង្រឹង និងពង្រីក នូវចំណងមិត្តភាព កិច្ចសហប្រតិបិត្តការរវាងប្រទេស និងប្រជាជនយើងទាំង២​ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។​ សម្តេចមានសេចក្តីរីករាយ ដោយបានឃើញចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការ រវាងកម្ពុជា ឈីលី មានការវិវត្តរីកចំរើន និងមានការជួយគាំទ្រគ្នាទៅវិញទៅមក​ នៅលើឆាកអន្តរជាតិ។

កម្ពុជាបច្ចុប្បន្ននេះ មានសក្តានុពលសេដ្ឋកិច្ចជាច្រើន ដែលបំរើឲ្យការវិនិយោគ ក្នុងនោះក៏មានវិស័យទេសចរណ៍មួយផងដែរ​ ហើយប្រជាជនឈីលី កន្លងមក ក៏បានមកទស្សនាកម្ពុជាជាហូរហែរ អាស្រ័យហេតុនេះ សូមឯកឧត្តម ជួយជំរុញអ្នកទេសចរណ៍ ឈីលី មកកាន់កម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។​ ព្រឹទ្ធសភាកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយសភាជាន់ខ្ពស់ឈីលី ហើយព្រឹទ្ធសភាកម្ពុជា ក៏ដូចខ្លួនសម្តេចផ្ទាល់ ក៏បានត្រៀមជាស្រេចក្នុងការធ្វើកិច្ចសហការល្អ និងជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតឈីលី។

មុនបញ្ជប់ សម្តេចប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីគោរព និងស្និទ្ធស្នាលជាទីបំផុត ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ឈីលី និងសូមប្រសិទ្ធពរជូន ឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបាននូវជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង