អភិបាលស្រុកកូនមុំ បញ្ជាសមត្ថកិច្ចឃាត់រថយន្តបាកុង៤គ្រឿង ដឹកគ្រឿងចក្រកែច្នៃឈើ បញ្ជូនទៅរដ្ឋបាលព្រៃឈើ
ខេត្តរតនគិរី÷ រថយន្តបាកុង៤គ្រឿងបើកចេញពីភូមិសាស្ត្រនៃខេត្តស្ទឹងត្រែងបានឆ្លងកាត់ស្រុកកូនមុំនិងស្រុកលំផាត់ ខេត្តរតនគិរី ឆ្ពោះមកស្រុកកោះញែកខេត្តមណ្ឌលគិរី ដែលរថយន្តបាកុងទាំង៤គ្រឿងនោះបានដឹកជញ្ជូនសម្ភារ:កែច្នៃមួយចំនួន ដូចជា រណាយន្តកែច្នៃ ម៉ាស៊ីនត្រង់ស៊ីន័រជាច្រើនគ្រឿងសម្រាប់កាប់ផ្តួលឈើផងដែរ។
ការឃាត់រថយន្តបាកុងខាងលើនេះធ្វើឡើងនៅវេលាម៉ោង៧និង៣០ នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចដែលចុះឃាត់បាកុងខាងលើបានបង្ហើបឲ្យដឹងថា ដោយដឹកនាំកម្លាំងលោក សាយ ចម្រើន អភិបាលរងស្រុកកូនមុំ ឲ្យចុះឃាត់បាកុងចំនួន៤គ្រឿងដែលបានដឹកសម្ភារ:កែច្នៃឈើមួយចំនួនធំ។
ប្រភពបន្តថា លោកអភិបាលស្រុកកូនមុំបានរាយការណ៍ទៅអភិបាលខេត្តដោយមានរថយន្តបាកុង៤គ្រឿងបើកឆ្លងកាត់នៅក្នុងភូមិសាស្ត្រនៃស្រុកកូនមុំ ហើយលោកអភិបាលខេត្តបានបញ្ជាឲ្យលោកអភិបាលស្រុកឃាត់រថយន្តបាកុងខាងលើនេះតែម្តង។
លោកថា ក្រោយពីឃាត់រថយន្តបាកុងនេះមក ភ្លាមៗនោះ មានអន្តរាគមន៍ពីសមត្ថកិច្ចនៅក្នុងខេត្តឲ្យដោះលែងប៉ុន្តែលោកអភិបាលស្រុកមិនយល់ព្រមនោះឡើយ នេះជាបទបញ្ជាពីលោកអភិបាលខេត្ត។
លោក សេក ហៃ អភិបាលស្រុកកូនមុំបានឲ្យ ៧មករា ដឹងនៅព្រឹកថ្ងៃទី៩ ធ្នូនេះ ថា រថយន្តបាកុង៤គ្រឿងនេះ លោកហ្នឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី៕ដោយ សាវ័ន