ឃាត់ខ្លួនស្រ្តីជាអាជីវករដ៍ល្បីនៅខេត្តក្រចេះមួយរូបដែលសំបូររឿងអាស្រូវ លើសំណុំរឿងរំលោភលើទំនុកចិត្ត…!
ខេត្តក្រចេះ៖ សាលាដំបូងខេត្តក្រចេះ សម្រេចឃាត់ខ្លួនស្រីម្នាក់ជាអាជីវករនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ឋទៅនឹងរឿងរំលោភលើទំនុកចិត្ត។
លោកស្រី ភី មុំ ជាអាជីករនៅក្នុងក្រុងក្រចេះ ដែលសម្បូរដោយរឿងចម្រូងចម្រាស់ ឥតឈប់ឈរក្នុងសំណុំរឿងទាក់ទងនឹងប្រាក់មានទំហំរាប់សែនដុល្លារ ត្រូវបាន សាលាដំបូងខេត្តក្រចេះ សម្រេចឃាត់ខ្លួននៅព្រឹកនេះពាក់ព័ន្ឋទៅនឹងរឿងរំលោភលើទំនុកចិត្ត។
តាមការបញ្ជាក់ពីមន្រ្តីនៃសាលាដំបូងខេត្តក្រចេះបានឲ្យដឹងថា ស្រ្តីជាអាជីវដែលត្រូវបានឃាត់ខ្លួនឈ្មោះ ភី មុំ អាយុ៤៣ឆ្នាំ មានទីលំនៅក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត លោក ជា សុភ័ក្រ្ត បានចេញដីកាកោះហៅឲ្យចូលខ្លួន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត លើទំហំទឹកប្រាក់ចំនួនជាង១សែនដុល្លារ ពីដើមបណ្តឹងដែលជាភាគហ៊ុនជំនួញ ជួញដូរភេសជ្ជៈ ក្នុងស្រុកមួយ។
ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តលោក ជា សុភ័ក្រ្ត បានប្រាប់ឲ្យដឹងទៀតថា សំណុំ រឿងនេះលោកបានបញ្ចប់ការសាកសួរ និងបានបញ្ជូនទៅដល់ដៃចៅក្រមហើយនៅថ្ងៃទី៧ ខែធ្នូ នេះ ដើម្បីបន្តនីតិវិធី។ នេះគ្រាន់តែជាការអនុវត្តបណ្តឹងថ្មីមួយពីដើមបណ្តឹងទាក់ទងនឹងលុយជាង១សែនដុល្លារ ពីភាគីម្ចាស់ភាគហ៊ុនដែលស្ត្រីឈ្មោះ ភី មុំ បានកិបកេងប្រាក់បំបាត់យក ខណៈដែលស្រ្តី ជាអាជីវកររូបនេះនៅមានបណ្តឹងជាច្រើនដ៍ទៃទៀត ពីដើមបណ្តឹងផ្សេងគ្នានៅក្នុងខេត្តក៏ដូច ជានៅក្រៅខេត្តលើសំណុំរឿងទាក់ទងនឹងប្រាក់នេះតែម្តង។
គួរំលឹកផងដែរថា កាលពីពាក់កណ្តាលខែ ឧសភា ឆ្នាំ២០១៤ ស្រ្តីរូបនេះ ធ្លាប់ត្រូវបាន តុលាការខេត្តក្រចេះ ចុះអនុវត្តដីការរឹបអូសលំនៅឋាន និងរឹបអូសរថយន្ត ផ្អើលទីប្រជុំជនក្រុង ក្រចេះម្តងជាពីរដងរួចមកហើយ ក្នុងសំណុំរឿងករណីជំពាក់ប្រាក់ម្ចាស់បណ្តឹងផ្សេង ទៀតនេះ៕ សហការី