វាយខ្នោះបាន​ម្នាក់ បក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន​ ករណីលួចម៉ូតូ

ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់​ ត្រូវបានកម្លាំង​ជំនាញខេត្ត សហការជាមួយកម្លាំង​អធិការស្រុកកូនមុំ និងកម្លាំង​អធិការស្រុកលំផាត់ ដេញស្ទាក់ចាប់បាន ក្រោយធ្វើសកម្មភាពលួចម៉ូតូ​មួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី១E.៤៨២៧ កាលពីវេលាម៉ោង៣នឹង៣១នាទីទៀបភ្លឺថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថ​កិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀ ណូ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចនគរបាលបន្តថា លុះដល់វេលាម៉ោង៨នឹង៣០នាទីព្រឹក កម្លាំង​ជំនាញខេត្ត សហការជាមួយកម្លាំង​អធិការស្រុកកូនមុំ និងកម្លាំង​អធិការស្រុកលំផាត់ បានដេញស្ទាក់មុខសញ្ញាដល់នៅចំណុចភ្នំលលកស្ថិតភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតគិរី ធ្វើឲ្យ​ជនសង្ស័យភ័យក៏ផ្តួលម៉ូតូម៉ាក vave ឆ្លាម ពណ៌ខ្មៅ អត់ស្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)ហើយរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។

លុះដល់ម៉ោង៧នឹង៤០នាទីយប់ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ច​បានពួនស្ទាក់ចាប់ជនសង្ស័យ បានម្នាក់​ឈ្មោះ ស៊ី ចយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឡាវ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិកន្ទុយគោ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតបានម៉ូតូ១គ្រឿងម៉ាកសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨(ជារបស់ជនរងគ្រោះ)នៅចំណុចព្រាបសផ្លុវចូលត្រពាំងក្រពិស ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន រួមជាមួយបក្ខពួកខ្លួនចំនួន២នាក់ទៀត(កំពុងរត់គេចខ្លួន)។

បច្ចុប្បន្នកម្លាំង​ជំនាញខេត្ត កំពុងស្រាវជ្រាវតាមចាប់បក្ខពួក ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកអនុវត្តតាមនីតិវិធី៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង