ការវិនិយោគផ្នែកឯកជន ជាតិ និងអន្តរជាតិរកស៊ីស្របច្បាប់នៅកម្ពុជា គឺជាការរួមចំណែកអភិវឌ្ឍន៍នឹងសេដ្ឋកិច្ចជាតិ
ខេត្តរតនគិរី÷ មានប្រសាសន៍ក្នុងឱកាសសម្ពោធផ្សារទំនើបស៊ីត្រា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោក ថង សាវុន អភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាល កម្ពុជាបានផ្តល់ឱកាសដល់អ្នកវិនិយោគ ជាតិ និងអន្តរជាតិដើម្បីបណ្តាក់ទុនរកស៊ីស្រប ច្បាប់នៅព្រះរាជាណាចក្រកម្ពុជា គឺជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការកាត់ បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋផងដែរ ។
លោកអភិបាលខេត្តក៏បានចាត់ទុកការ សម្ពោធជាផ្លូវការនូវផ្សារទំនើបស៊ីត្រាមួយនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ ខេត្តរតនគិរី ។
ហើយតាមរយៈផ្សារទំនើបស៊ីត្រានេះវានិងជួយរួមចំណែកក្នុងការផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តដែលមកធ្វើការជាបុគ្គលិក កម្មករ និយោជិក ដែលជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។
លើសពីនេះការអភិវឌ្ឍន៍រីកចម្រើនដ៏ឆាប់រហ័សនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ ការកើនឡើងនូវសំណង់អាគារ សណ្ឋាគារ ផ្ទះសំណាក់ ភោជណីដ្ឋាន និងផ្សារទំនើបនានា ពិតជាបានទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកំសាន្តក្នុងទឹកដីខេត្តរតនគិរីឲ្យ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
លោក ថង សាវុន អភិបាលខេត្តមានជំនឿយ៉ាងមុតមាំថាការបង្កើតឲ្យមាន ផ្សារទំនើបក្នុងខេត្តគឺពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងការផ្តល់ភាពងាយស្រួល ទាំងពេលវេលា និងការចំណាយព្រមទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ ក៏ដូចជា ស្វែងយល់អំពីបច្ចេកវិទ្យាទំនើបនានាដែលបានដាក់បំពាក់ និងលក់នៅក្នុងផ្សារសម្រាប់ ប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចមកជាវ ទំនិញនិងទទួលសេវានានានៅទីនេះឲ្យកាន់តែច្រើនថែមទៀត ។
សូមបញ្ជាក់ថា បើតាមការឲ្យដឹងពីលោក ង៉ូវ សេរីរ័ត្ន ប្រធានប្រតិបត្តិផ្សារទំនើបស៊ី ត្រាបានឲ្យដឹងថា ផ្សារទំនើបស៊ីត្រានេះមានកម្ពស់ ៦ជាន់ ស្ថិតនៅចំកណ្តាលទីក្រុង បានលុងដោយចំណាយថវិកាសាងសង់ប្រមាណជាង ៧ លានដុល្លារសហរដ្ឋអាមេរិក ៕