ជនសង្ស័យម្នាក់ រត់មកលាក់ខ្លួនបាន៩ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន

ខេត្តរតនគិរី÷ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសហការណ៍ជាមួយកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវ កម្លាំងខេត្តកោះកុង កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនិងកម្លាំងCPUបានធ្វើការស្រាវជ្រាវចុះចាប់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង១១ នឹង០០នាទីព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមហ៊ុនរ៉ែមាស(ឥណ្ឌា)ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ផាន ភេទប្រុស អាយ្៥០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិសែនពន្លូងឃុំសំរោងស្រុកទូកមាសខេត្តកំពត ។

សមត្ថកិច្ចនគរបាលបន្តថា យោងតាមអំណាចសាលក្រមលេខ១៥២ចុះថ្ងៃទី០៣ខែ៩ឆ្នាំ២០១០របស់សាលាដំបូងខេត្តកោះកុងដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ឋករណីឃាតកម្មគិតទុកជាមុនបានប្រព្រឹត្តនៅភូមិព្រែកស្មាច់ឃុំកោះស្ដេចស្រុកគីរីសាគរខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែ១២ ឆ្នាំ២០០៩កន្លងទៅ ។

បច្ចុប្បន្ន កម្លាំងនគរបាលព្រហ្មទណ្ឌស្នងការខេត្តបានធ្វើការប្រគល់ទណ្ឌិតទៅឲ្យកម្លាំងព្រហ្មទណ្ឌខេត្តកោះកុងដើម្បីអនុវត្តតាមនិតិវិធីបន្ត ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង