កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបបានឈើជិត១០០កំណាត់នៅស្រុកវើនសៃ

ខេត្តរតនគិរី៖ កម្លាំងប៉េអឹមលើផ្ទៃប្រទេសមួយក្រុមដឹកនាំដោយលោកយ៉ែម សុីណាត កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨បានចុះចាប់ឈើជិត១០០កំណាត់ដែលក្រុមឈ្មួញលាក់ទុកក្នុងចម្ការស្វាយចន្ទី ក្រោយសាលាឃុំស្រុកវើនសៃ។

ការចុះបង្ក្រាបនឹងរឹបអូសយកឈើពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមកិច្ចសហការណ៍ ជាមួយសមត្ថកិច្ចជាច្រើនស្ថាប័ននៅក្នុងខេត្តរតនគិរី។

ប្រតិបត្តិការបង្ក្រាបទីតាំងលាក់ទុកឈើនោ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង៨នឹង៣០នាទីនេះ នៅត្រើយខាងលិចទន្លេសេសាន្ត ស្ថិតនៅខាងក្រោយសាលាឃុំវើនសៃក្នុងស្រុកវើនសៃ ខេត្តរតនគិរី ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបឈើទាំងនេះ មានប្រជាពលរដ្ឋ បានប្រទះឃើញ គំនរឈើជាច្រើនទីតាំង ដែលគេសង្ស័យថា ក្រុមឈ្មួញបានបំផុសបំផុលប្រជាពលរដ្ឋ ឲ្យចូលទៅកាប់ផ្តួល អារពុះ និងច្រៀកជាស៊ីឡាំង៤ជ្រុង នៅក្នុងដែនជម្រកសត្វទោច ដែលស្ថិតនៅព្រំប្រទល់ខេត្តពីរ គឺក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងស្រុកវើនសៃ ខេត្តរតនគិរី ។ ក្រោយការកាប់ផ្តួល និងច្រៀកជាស៊ីឡាំងរួចហើយ ក្រុមអ្នកស្រុកបានធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃយ៍យកមកលក់ឲ្យឈ្មួញ មានលុយ និងអំណាចនៅក្នុងមូលដ្ឋាន ហើយក្រុមឈ្មួញបានធ្វើការដឹកជញ្ជូន តាមរថយន្តធុនធំៗ នាំឆ្លងដែនយកទៅលក់នៅក្នុងប្រទេសវៀតណាម បានយ៉ាងរលូន ។
នៅមុនការបង្ក្រាបឈើនោះទៀតសោទ ប្រជាពលរដ្ឋបានរាយការណ៍ មកក្រុមអ្នកយកព័ត៌មាន ហើយបានរាយការណ៍ ជូនដល់សមត្ថកិច្ចប្រចាំមូលដ្ឋានជាច្រើនស្ថាប័ន និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះមកបង្ក្រាប និងរឹបអូស យកមកទុកជាសម្បត្តិរដ្ឋ ។

មន្ត្រីនៅក្នុងការបង្ក្រាប បានបា្រប់ឲ្យដឹងថា បន្ទាប់ពីទទួលបានបញ្ជាពីថ្នាក់លើរួចមក កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការណ៍ជាមួយ កម្លាំងសមត្ថកិច្ចប្រចាំមូលដ្ឋាន មានអាវុធហត្ថខេត្ត ស្រុក និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ បានចុះទៅបង្ក្រាបឈើនោះ តែរកម្ចាស់មិនឃើញឡើយ ។

មន្ត្រីដដែលបានបញ្ជាក់ថា ឈើដែលបង្ក្រាប និងរឹបអូសបាននោះ ជាប្រភេទឈើគគីរ និងឈើសុក្រម ត្រូវគេឡាំងជា៤ជ្រុង មានមុខកាត់ចាប់ពី៤០ ទៅ៨០សង់ទីម៉ែត្រ មានប្រវែង៤ម៉ែត្រ និងមានប្រមាណជាង៩០កំណាត់។ ឈើទាំងនោះ ត្រូវបានធ្វើការដឹកជញ្ជូនយកមកផ្ញើទុក នៅសាលាឃុំវើនសៃ ជាបណ្តោះអាសន្ន ដោយមន្ត្រីជំនាញ នឹងរកមធ្យោបាយធ្វើការដឹកជញ្ជូន យកទៅរក្សាទុក នូវផ្នែករដ្ឋបាលព្រៃឈើវើនសៃ ដើម្បីតម្កល់ជាសម្បត្តិរដ្ឋ ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង