អធិរាជចាប៉ីដងវែង លោកព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ទទួលមរណភាព ក្នុងជន្មាយុ៨២ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ ព្រឹទ្ធាចារ្យភារម្យវោហារ អធិរាជចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រះជន្ម៨២ឆ្នាំ នាមន្ទីរពេទ្យកាល់ម៉ែត ដោយរោគជរាពាធ។
យោងតាមសេចក្តីជូនដំណឹងរបស់សាច់ញាតិបានឲ្យដឹងថា «លោកព្រឹទ្ធភិរម្យវោហាសាស្រ្ត ប្រាជ្ញ ឈួន បានមរណៈភាពនៅថៃ្ងសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថៃ្ងទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១:៣០នាទីយប់ ក្នុងជន្មាយុ៨២ឆ្នាំ»។
សេចក្តីជូនដំណឹងនេះ បានឲ្យដឹងទៀតថា «សពត្រូវបានយកមកតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តបទុមវតី»។
សូមជម្រាបថា ព្រឹទ្ធាចារ្យភារម្យវោហារ អធិរាជចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន បានចូលសម្រាកព្យាបាលជំងឺ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរាល់ការចំណាយព្យាបាលទាំងអស់ គឺរាជរដ្ឋាភិបាលជាអ្នកធានារ៉ាប់រងទាំងស្រុង។
មុននឹងលោកព្រឹទ្ធាចារ្យចូលមរណាភាព សាច់ញាតិបានឲ្យដឹងថា លោកមានជំងឺច្រើនមុខ ដោយមានអាការៈចុកទ្រូងជាខ្លាំង និងសន្លប់មិនដឹងខ្លួន ចាប់តាំងយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ក្រុមគ្រួសារ បានបញ្ជូនលោកទៅកាន់មន្ទីរសុខភាពបង្អែកខេត្តតាកែវ និងរហូតដល់រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គ្រូពេទ្យខេត្តតាកែវ បានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ។
ក្នុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នាពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងឲ្យតំណាងកាកបាទក្រហមកម្ពុជា នាំយកថវិកាចំនួន៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនក្រុមគ្រួសារលោកតា ប្រាជ្ញ ឈួន ហើយក្នុងនោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានឧបត្ថម្ភចំនួន១០០០ដុល្លារ លោក ច័ន្ទ សារុន អ្នកតំណាងរាស្ត្រខេត្តតាកែវ ឧបត្ថម្ភ៥០ម៉ឺនរៀល លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករកម្ពុជា ឧបត្ថម្ភ២០០ដុល្លារ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន១លានរៀលផងដែរ។
លោកតា ប្រាជ្ញ ឈួន អធិរាជចាប៉ីដងវែង មានស្រុកកំណើតនៅភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ ជាអ្នកចម្រៀងចាប៉ីដងវែងដ៏ល្បីល្បាញ នៅកម្ពុជា ចាប់តាំងពីទស្សវត្សទី៨០មក លោកតា ប្រាជ្ញ ឈួន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអង្គការ យូណេស្កូ ប្រចាំកម្ពុជា ចាត់ទុកជាសម្បត្តិបេតិកភណ្ឌមនុស្សរស់របស់កម្ពុជា។ នៅឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានបំពាក់មេដាយកិត្តិយស «មុនីសារភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍» ជូនលោកតា ប្រាជ្ញ ឈួន នៅវិមានសន្តិភាព។
ដើម្បីផ្តល់នូវការតបស្នងចំពោះស្នាដៃរបស់លោកជាមរតកមនុស្សរស់ ដែលបានប្រឹងប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែង រាជរដ្ឋាភិបាល ក៏បានផ្តល់ឋានៈជូនលោកតា ប្រាជ្ញ ឈួន ស្មើនឹងថ្នាក់អគ្គនាយក ដែលលោកតា អាចទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ដូចមន្ត្រីរាជការទូទៅដែរ។
កន្លងមក លោកព្រឹទ្ធាចារ្យភារម្យវោហារ ប្រាជ្ញ ឈួន ក៏បានទទួលផ្ទះមួយល្វែងពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ៕