ក្រុមក្មេងស្ទាវចំនួន៨នាក់ដែលតែងតែយកដុំុថ្មគប់កញ្ចក់រថយន្តតាមផ្លូវនៅពេលយប់ ខូចខាតប្រមាណជាង៣០គ្រឿង ក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានហើយ

កំពង់ឆ្នាំង៖នៅរសៀលថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០១៨ជនដៃដល់ចំនួន៨នាក់ ក្នុងចំណោម១១នាក់ នោះដែលតែងតែ គប់កញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៥ នាពេលយប់ក្នុងភូមិសាស្រ្តរលាប្អៀរ និងស្រុកបរីបូណ៍ខេត្តកំពង់ឆ្នាំងនោះ ត្រូវបានកម្លាំងនគរបាល បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនបាន និងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត។

លោក ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថា កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងករណីយកដុំុថ្មគប់កញ្ចក់រថយន្តកាលពីយប់ថ្ងៃទី១២ -១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រលេខ៩៤ ទៅ ១១៧ដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុករលាប្អៀរ និងស្រុកបរិបូណ៍ យើងឃាត់ខ្លួនបានហើយនៅក្នុងចំណោម១១ នាក់។

លោក ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់នៅតាមស្រុក ដែលនៅជាប់តាមបណ្ដោយផ្លូវជាតិលេខ៥ និងផ្លូវសំខាន់ៗឆ្លងកាត់នោះ ត្រូវឃ្លាំមើល និងទប់ស្កាត់ រាល់អំពើល្មើសទាំងនេះ កើតឡើងទៀតនាំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅពេលយប់។

ក្រុមជនសង្ស័យបានធ្វើសកម្មភាពទាំងនេះ គឺពួកគេមានមេក្លោងដែលជាជនញៀនថ្នាំ និងចែកចាយថ្នាំញៀន ហើយចំពោះជនល្មើសទាំង៨នាក់នេះ សុទ្ធតែជាមនុស្សញៀនថ្នាំ ដូច្នេះហើយមេក្លោងរបស់ពួកគេ បានប្រើឲ្យធ្វើសកម្មភាពបែបនេះជាថ្នូរឲ្យថ្នាំញៀនជក់។

ក្នុងករណីខាងលើនេះ បានបណ្តាលឲ្យព្រូរថយន្តម្នាក់ រងរបួសធ្ងន់ដោយសារត្រូវនឹងដុំថ្ម សកម្មភាពរបស់ពួកគេបានធ្វើឡើង នៅយប់ថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ហើយនៅយប់មិញ ពួកគេប្រុងធ្វើសកម្មភាពបន្តទៀត តែត្រូវបានកម្លាំងនគរបាលរបស់លោកទប់ស្កាត់ទាន់ពេលវេលា នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោកស្នងការ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យជំនាញនគរបាលគ្រឿងញៀន ធ្វើតេស្ត និងបន្ថែមបទល្មើសទៀត ខណៈជនសង្ស័យ៣នាក់ទៀត កំពុងតែរត់គេចខ្លួន ជនសង្ស័យទាំងអស់នេះ មានស្រុកកំណើត រស់នៅឃុំផ្សារ ស្រុកបរិបូណ៍ ក្រោយការចាប់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងនគរបាលយើងដកហូតវត្ថុតាងមួយចំនួនផងដែរ រួមមានដូចជាដុំថ្ម ម៉ូតូដែលជិះធ្វើសកម្មភាពរាល់យប់៕

អត្ថបទដែលជាប់ទាក់ទង